
សង្គម
កូនប្រុសលោកគ្រូ អេ ភូថង កីឡាករ អេ វីរៈខាំឈីតភូថង ហៅកីឡាករ(ម៉ឺន មេឃា) បានបង្ហាញអំពីអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងក្រោយពីជ័យជម្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកាលពីពេលថ្មីៗនេះ ដោយឈ្នះមេដាយមាសស៊ីហ្គេម លើកទី៣១ នៅវៀតណាមនេះ ជាមួយការឆ្លងកាត់បីប្រកួត ទទួលបានជ័យជម្នះទាំងបីប្រកួត ក្នុងនោះប្រកួតទីមួយគេបានយកឈ្នះថៃ ក្នុងលទ្ធផល ៨ទល់នឹង៣ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តយកឈ្នះកីឡាករមីយ៉ាន់ម៉ា ក្នុងលទ្ធផល១១ទល់នឹង២ និង វគ្គផ្តាច់ព្រ័ត្រឈ្នះហ្វីលីពីន ៧ទល់នឹង២។
ដោយឡែកសម្រាប់កីឡាករ អេ អាំម៉ារីនភូថង វិញទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់ឡាវ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រភេទកីឡាវ៉ូវីណាម ក្នុងវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៦០គីឡូក្រាម ។
ទោះបីជាយ៉ាងណាអ្នកទាំងពីរទទួលបានការលើកទឹកចិត្តពីម្ចាស់បុរី KP គឺលោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវម៉ន ដានី ដោយកីឡាករ អេ វីរៈខាំឈីតភូថង មានជ័យជម្នះមេដាយមាស ទទួលបានទឹកប្រាក់ចំនួន១ពាន់ដុល្លារ ខណៈកីឡាករ អេ អាំម៉ារីនភូថង បានមេដាយសំរឹទ្ធ ទទួលបានប្រាក់ចំនួន៥០០ដុល្លារ។ ម្ចាស់បុរី KP ម៉ន ដានី បានឱ្យដឹងថាលោកនៅតែបន្តគាំទ្រ ចេញពីចិត្ត ពីបេះដូង សម្រាប់ប្រជាជនខ្មែរយើងជានិច្ច។