header ads

Sponsor

(ភ្នំពេញ)៖ ប្រព័ន្ធសុខាភិបាលគឺដើរតួនាទីសំខាន់ណាស់ ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ ទាំងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ពួកគេ ខណៈនៅពេលណាប្រព័ន្ធសុខាភិបាលល្អគឺធានាបាននូវធនធានមនុស្ស ដូចគ្នាដែលនៅពេលណាមានធនធានមនុស្សល្អ នោះនឹងមានការ អភិវឌ្ឍប្រទេសជាតិបានល្អផងដែរ ។ ជាពិសេសការយកចិត្តទុកដាក់ ទៅលើសុខុមាលភាពរបស់កុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពរបស់ពួកគេ ដែលនេះក៏ជាផ្នែកមួយមិនអាចមើលរំលងបានទេ ពីព្រោះពួកគេគឺជាទំពាំងស្នងឬស្សី នៃការអភិវឌ្ឍប្រទេសជាតិ ។

ដើម្បីបន្តបេសកកម្មលើកកម្ពស់ និងគាំពារវិស័យសុខាភិបាននេះឱ្យប្រសើរឡើង ក៏មិនពឹងផ្អែកតែទៅលើក្រសួងសុខាភិបាល ឬក្រសួងពាក់ព័ន្ធផ្សេងៗទៀតតែប៉ុណ្ណោះទេ ពោលគឺត្រូវការចូលរួមតាមរយៈកិច្ចការងារទំនួលខុសត្រូវសង្គមរបស់ ស្ថាប័ន ក្រុមហ៊ុនឯកជន អង្គការនានា ដើម្បីជម្រុញបេសកកម្មគាំពារសុខុមាលភាពសម្រាប់ប្រជាជនទូទាំងប្រទេស ជានិរន្តរ៍ទៅមុខទៀត ។

ជាក់ស្ដែងក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ទាប់ពីបានសហការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដើម្បីសប្បុរសធម៌ និងសហគមន៍ ក្នុងគោលដៅកៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ រួចមក នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ក៏បានបរិច្ចាគថវិកាចំនួន $20,000 (ពីរម៉ឺនដុល្លារអាមេរិក) បន្ថែមទៀត ជូនដល់មន្ទីរពេទ្យ កុមារអង្គរ ដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាល និងបន្តបេសកកម្មគាំពារសុខភាពសម្រាប់កុមារ ដោយផ្ដល់នូវសេវាថែទាំសុខភាពដោយក្តីមេត្តាករុណាដល់កុមារកម្ពុជាទូទាំងប្រទេស ។

នៅក្នុងជំនួបសំណេះសំណាលក្នុងពិធីទទួលសែកប្រាក់ លោកវេជ្ជបណ្ឌិត ងួន ចាន់ភ័ត្រ្តា តំណាងមន្ទីរពេទ្យ កុមារអង្គរ បានសំដែងនូវអំណរគុណថា «សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប នូវទឹកចិត្តដ៏ជ្រះថ្លា ដែលក្រុមហ៊ុនទើបតែបានបង្កើតព្រឹត្តិការណ៍រត់ម៉ារ៉ាតុន កៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងជាពិសេសគឺការយកចិត្តទុកដាក់ និង ចូលរួមក្នុងបេសកកម្មគាំពារសុខុមាលភាពសម្រាប់កុមារមកលើមន្ទីរពេទ្យកុមាអង្គររបស់យើងខ្ញុំ ដែលការចូលរួមនេះគឺពិតជាជួយទៅដល់កុមារដែលកំពុងតែទទួលការព្យាបាលទាំងជំងឺធ្ងន់ និង ស្រាល់ក្នុងពេលបច្ចុប្បន្ននេះរាប់រយនាក់ ឱ្យបានធូស្បើយ និងបន្តររស់រានទៅថ្ងៃមុខទៀត ខណៈមន្ទីរពេទ្យក៏បានព្យាយាមប្រឹងប្រែងប្រើប្រាស់នូវធនធាន សមត្ថភាព ជំនាញ ក្នុងគោលដៅរួមគឺជួយសង្រោះជីវិតរបស់កុមារទូទៅ ពីព្រោះពួកគេគឺជាធនធានដ៏មានតម្លៃសម្រាប់ដឹកនាំអនាគតប្រទេសជាតិ ដែលយើងគ្រប់គ្នាគួរតែគិតគូរ និងយកចិត្តទុកដាក់ទៅលើការរស់រាន និងសុខុមាលភាពរបស់ពួកគេ»

ទន្ទឹមគ្នានោះដែរ លោកក៏បានសូមអំពាវនាវទៅដល់ស្ថាប័ន ក្រុមហ៊ុនឯកជន ឬអង្គការនានាផ្សេងទៀត ចំពោះទឹកចិត្តចូលរួមក្នុងការងារសប្បុរសធម៌ ចែករំលែកនូវធនធានផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីបន្តបេសកកម្មជួយដល់ជីវិតរបស់កុមាររាប់ពាន់នាក់ ដែលកំពុងតែសម្រាក់ព្យាបាលជំងឺនៅក្នុងមីន្ទីរពេទ្យកុមារអង្គរ ។

លោកស្រី ហុង ដានី អគ្គនាយិការ បុរី ប៉េង ហួត បានលើកឡើងយ៉ាងដូច្នោះផងដែរថា «ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាល និងការគាំពារសុខុមាលភាពកុមារជាមួយនឹងមន្ទីរពេទ្យកុមារអង្គរ ដែលទាំងអស់នេះគឺជាយុទ្ធសាស្រ្តការងារទំនួលខុសត្រូវសង្គមដែលក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំ លើវិស័យសុខាភិបាល មិនត្រឹមតែមន្ទីរពេទ្យកុមារអង្គរនោះទេ ប៉ុន្តែក៏មានមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដែលក្រុមហ៊ុនតែងតែចូលរួមជួយកន្លងមក»

លោកស្រីបន្តថា «ខ្ញុំពិតជាមានការអាណិតអាសូរដល់កុមាដែលកំពុងតែមានជំងឺកាចសាហាវ មានដូចជាជំងឺពិការរភាព ជំងឺមហារីកភ្នែក ច្រមុះ ឬផ្នែកណាមួយនៃរាងកាយរបស់ពួកគេ ដោយចង់ឃើញពួកគេមានកាយសម្បទារគ្រប់គ្រាន់ រឹងមាំ និងមានសុខភាពល្អ ដើម្បរស់នៅបំពេញក្ដីស្រមៃ និងគោលបំណងរបស់ពួកគេទៅថ្ងៃអនាគត ។ សង្ឃឹមថាការចូលរួមចែករំលែកនូវធនធាន ដែលក្រុមហ៊ុនមានទាំងប៉ុន្មាននេះ គឺបានជួយស្រោចស្រង់ជំងឺរបស់ពួកគេឆាប់ជាសះស្បើយ»

មន្ទីរពេទ្យ កុមារអង្គរ គឺជាអង្គការថែទាំសុខភាពកុមារឈានមុខគេដែលផ្តល់សេវាថែទាំពិសេស និងសំខាន់សម្រាប់កុមារកម្ពុជាទាំងអស់ឱ្យមានលទ្ធភាពទទួលបានការ ថែទាំសុខភាព ដោយក្តីមេត្តាករុណា មិនថាជាអ្នកមាន ឬ អ្នកក្រឡើយ ដោយបានបើកដំណើរការតាំងពីឆ្នាំ១៩៩៩ មន្ទីរពេទ្យ កុមារអង្គរបានផ្តល់ការព្យាបាលជាង ២.៥ លានករណីដល់កុមារកម្ពុជាទូទាំងប្រទេស ។

សូមបញ្ជាក់ផងដែរ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមក្នុងការងារសង្គមជាច្រើន ក្នុងនោះទាក់ទងនឹងវិស័យសុខាភិបាល ក្រុមហ៊ុន បានចូលរួមបរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ បរិច្ចាគថវិកាទិញវ៉ាក់សាំង ផ្ដល់ជាទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យ កាល់ម៉ែត ចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post