header ads

Sponsor

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ម៉ាករថយន្តដ៏ល្បី Rolls Royce ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលស្គាល់ច្បាស់ពីម៉ាកកាមេរ៉ាកម្រិតកំពូល Hasselblad ។ តោះឥឡូវយើងមកជជែកគ្នាអំពីម៉ាកកាមេរ៉ា Hasselblad?

Hasselblad គឺជាក្រុមហ៊ុនផលិតកាមេរ៉ាកម្រិតកំពូលដែលស្ថិតក្នុងជួរលំដាប់ៗពេញនិយមបំផុត និងមានឈ្មោះល្បីឈានមុខគេលើពិភពលោក ហើយមិនតែប៉ុណ្ណោះ វាជាកាមេរ៉ាដំបូងគេក្នុងប្រវត្តិសាស្រ្តដែលបានទៅដល់ឋានព្រះច័ន្ទមុនមនុស្សបានទៅដល់ទៀត។

តើអ្នកជឿទេថា អ្នកអាចថតវីដេអូកម្រិតភាពយន្តដ៏អស្ចារ្យនៅលើទូរស័ព្ទដៃ? ជាធម្មតាចង់ថតរូបកម្រិតភាពយន្ត ឬបែបសិល្បៈ លុះតែត្រាលោកអ្នកត្រូវការឧបករណ៍ ឬកាមេរ៉ាល្អៗថ្លៃៗទើបអាចផ្តិតរូបភាព ឬវីដេអូជាមួយកម្រិតពណ៌ប្រកបដោយភាពទាក់ទាញ និងប្លែកអារម្មណ៍បែបភាពយន្ត ហើយក៏គ្មានប្រ៊េនកាមេរ៉ាណាមួយអាចប្រៀបបានជាមួយប្រ៊េនកាមេរ៉ា Hasselblad បានដែរ។

អ្វីដែលកាន់អស្ចារ្យ និងនឹកស្មានមិនដល់គឺ OPPO បានធ្វើការសហការគ្នាជាមួយ Hasselblad លើកាមេរ៉ាកំពូលស្មាតហ្វូន Find X5 Pro ។ តើលោកអ្នកយល់យ៉ាងណាដែរចំពោះកិច្ចសហការរវាង OPPO និង Hasselblad លើ Find X5 Pro? តើមូលហេតុអ្វីបានជា OPPO សហការរួមគ្នាជាមួយ Hasselblad? ហើយ OPPO និង Hasselblad បានសហការទៅលើអ្វីខ្លះលើ Find X5 Pro?

សម្រាប់ OPPO ត្រកូល Find X Series គឺជាកំពូលស្មាតហ្វូនល្អជាងគេបំផុតរបស់ OPPO និងជាស្មាតហ្វូនដែលកើតចេញពីការស្វែងយល់ពីកង្វះខាតរបស់កំពូលស្មាតហ្វូនដទៃ ហើយគ្រប់ជំនាន់នៃ Find X Series តែងតែនាំមកនូវបច្ចេកវិទ្យាឈានមុខគេជានិច្ច ពិសេសគឺជាទូរស័ព្ទដែលមានសមត្ថភាពថតយកពណ៌បានច្រើនបំផុត។ ហើយ Hasselblad ក៏ជាកំពូលកាមេរ៉ាល្បីក្នុងការថតយកពណ៌បានច្រើនជាងគេបំផុតដូចគ្នា ហើយក៏ជាជាម៉ាកដែលមានគុណភាពខ្ពស់ផុតលេខ ចំណែកតម្លៃម៉ាស៊ីនខ្ពស់រាប់ម៊ឺនដុល្លារ និងកែវលេនតម្លៃជិតមួយម៊ឺនដុល្លារ ដែលនេះស្របទៅតាមស្មារតីនៃការរកឃើញរបស់ត្រកូល Find Series ពិសេសគឺនៅលើ OPPO Find X5 Pro។ ចំពោះមូលហេតុដែលធ្វើឲ្យ Find X Series និង Hasselblad ធ្វើឲ្យកិច្ចសហការក្លាយជារឿងដ៏ស័ក្កិសមគឺដោយសារសមត្ថភាពដ៏អស្ចារ្យក្នុងការគ្រប់គ្រងពណ៌ ហើយគ្រប់សន្លឹកនៃរូបភាពដែលថតចេញពី Find X5 Pro សុទ្ធតែសម្រេចបាននូវស្តង់ដារពណ៌ល្អបំផុតពី Hasselblad Natural Colour Calibration​ និងវិទ្យាសាស្ត្រពណ៌ដ៏ជំនាញរយៈពេល 80 ឆ្នាំរបស់ Hasselblad ត្រូវបានដាក់បញ្ចូលទៅក្នុងទូរស័ព្ទ Find X5 Pro ដ៏តូចមួយនេះ។

ក្រៅពីនេះប្រតិបត្តិការ Software លើ Find X5 Pro ក៏បានអាប់ដេតយ៉ាងល្អដ៏អស្ចារ្យក្នុងការបង្កើតប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូច​ប្រៀបដូចពណ៌ប្រ៊េនកាបូប គ្រឿងអង្ការម៉ាក HERMES, មុខងារ X-Pan Mode ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការថតប្រចាំថ្ងៃ និងសំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។

បន្ថែមពីនេះលើកាមេរ៉ាថតរូបកម្រិតកំពូល Find X5 Pro គឺបានបំពាក់នូវបន្ទះឈីប MariSilicon X លើកដំបូងបំផុតរបស់ OPPO និងបំពាក់ឡើងជាពិសេសជំនួសឲ្យ NPU ដើម្បីជំនួយសមត្ថភាពកាមេរ៉ាដំបូងបំផុតជាមួយនឹងបច្ចេកវិទ្យាដំណើរការ 6nm តាមរយៈឧបករណ៍ចាប់សញ្ញា Sony IMX 766 ដែលគាំទ្រការថតរូបពេលយប់កម្រិត 4K Ultra Night Video និង Ultra HDR Video។ នេះអាចនិយាយបានថា OPPO មានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតលើការថតរូបពេលយប់ជាមួយកម្រិតខ្នាតពណ៌ច្បាស់ៗប្លែកៗដែលមានតែមួយគត់នៅលើ OPPO Find X5 Pro ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូនៅពេលយប់។

សរុបមក OPPO Find X5 Pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកនិយមចូលចិត្តថតរូប ជាពិសេសចំពោះសមត្ថភាពរបស់ Hasselblad កាន់តែធ្វើឲ្យកាមេរ៉ាកំពូលស្មាតហ្វូននេះពោរពេញដោយភាពល្អឥតខ្ចោះ រួមទាំងគុណភាពសម្បត្តិផ្សេងៗទៀតជាច្រើនគឺអាចនិយាយថាវាពិតជាល្អគ្រប់គ្រាន់ហើយ។ យ៉ាងណាមិញយើងនៅមិនទាន់ច្បាស់ថា តើកំពូលស្មាតហ្វូននេះមានដាក់លក់នៅលើទីផ្សារកម្ពុជាអត់នោះទេ ហើយចំពោះតម្លៃពិតប្រាកដក៏មិនទាន់ដឹងដែរ។ ដូចនេះ ដើម្បីជ្រួលជ្រាបច្បាស់ព័ត៌មានលម្អិតបន្ថែមពី Find X5 Pro លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post