header ads

Sponsor

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២២ លោក វណ្ណ  សុមុន្នី អភិបាលរងក្រុងបាវិត បានដឹកនាំកម្លាំងចម្រុះ បន្តអនុវត្តប្រើវិធានការក្ដៅដោយបានចុះរៀបចំសណ្ដាប់ធ្នាប់និង រុះរើ ស្លាកយីហោ  សំយ៉ាប ឈប់យោគយល់ទៅលើក្រុមអាជីវករលក់ដូរមួយចំនួនដែលនៅតែរំលោភយកចំណីផ្លូវរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ដែលនៅតែបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងមានការកកស្ទះចរាចរណ៍ ការចុះអនុវត្ដនោះមានការចូលរួម ពៅលោកចៅសង្កាត់បាវិត កម្លាំងនគរបាលក្រុង  កម្លាំងប្រជាការពារ និងមន្ត្រីរដ្ឋបាលសាលាក្រុងបាវិតជាច្រើននាក់។

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនៅថ្ងៃនេះ លោកបានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីបានណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹង ដោយមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនោះឡើយ។ 

លោកបានបន្ថែមថាៈ នាពេលកន្លងមក រដ្ឋបាលក្រុងបាវិត បានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ ក៏ដូចជាចុះណែនាំ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុងផងដែរ។ ចំពោះការចុះអនុវត្តរបស់រដ្ឋបាលក្រុងបាវិតនាពេលនេះគឺធ្វើដើម្បីផលប្រយោជន៍រួម មិនមែនដើម្បីបុគ្គលណាមួយនោះទេ។

ក្នុងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតនិងធ្វើដំណើរពីច្រកទ្វារព្រំដែលទៅរាជធានីភ្នំពេញងាយស្រួលមិនកកស្ទះចរាចរណ៍។  

តាងនាមអាជ្ញាធរក្រុងបាវិត លោកអភិបាលរងក្រុង សូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះដោយធុងសំរាមដាក់មានរបៀបរាបរយហើយនៅពេលនេះគឺអាជ្ញាធរចុះបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនឱ្យមានស្មារតីទទួលខុសត្រូវទាំងអស់គ្នា។ 

លោកអភិបាលរងក្រុង ក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅតាមផ្ទះអមសងខាងផ្លូវជាតិលេខ១ ក៏ដូចជាទូទាំងក្នុងក្រុងបាវិត និងធ្វើសំយ៉ាបផ្ទះ លយ មកលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងបាវិត កុំយកផ្លូវសំរាប់ថ្មើជើងធ្វើជាកន្លែងដាក់តាំងលក់ទំនិញ បើធ្វើសំយ៉ាបចេញ ត្រូវកាត់ចេញដោយខ្លួនឯង សូមកុំរង់ចាំដល់អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះ ធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារនិងខាតពេលវេលាផលប្រយោជន៍របស់បងប្អូន  ហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅ នោះគឺមិនពិតទេ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post