header ads

Sponsor

(ស្វាយរៀង): នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ព្រលែងកូនត្រីចម្រុះពណ៌ចំនួន១ម៉ឺនក្បាល ស្ថិតនៅស្រះទឹកក្នុងបរិវេណរមណីដ្ឋានប្រាសាទព្រៃបាសាក់  ឃុំបាសាក់  ស្រុកស្វាយជ្រំ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថា ការព្រលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆាជាតិនោះទេ គឺអាចធ្វើរាល់ថ្ងៃ អោយតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង ឯកឧត្តមបានក៏អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាមច្ឆជាតិទាំងអស់គ្នាអោយបានគង់វង្ស។

សូមបញ្ជាក់ថាទិវាមច្ឆាជាតិធ្វើឡើងក្នុងគោលបំណងស្តារមច្ឆាជាតិ និង ជីវចម្រុះ ឡើងវិញ ការពារជលផលនៅកម្ពុជាឱ្យបានគង់វង្ស និងបង្កើនទិន្នផលត្រីសម្រាប់ ដោះ ស្រាយជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទឱ្យកាន់តែមានជីវភាពធូរធារ ទិវានេះក៏ជួយកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ការព្រលែងកូនត្រីនេះដែរក៏ដើម្បីចូលរួមធ្វើបុណ្យកុសល ពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាផងដែរ។

ជាមួយគ្នានេះ មន្ត្រីជលផលខេត្តស្វាយរៀងបានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ឱ្យជួយចូលរួម លើកកម្ពស់ក្នុង ការលែងត្រីក្នុងការស្តារជីវចម្រុះឡើងវិញទាំងអស់គ្នា ពិសេសចំពោះអ្នកនេសាទសូមកុំ នេសាទ ត្រី នៅរដូវត្រីពង ឬប្រើប្រាស់ឧបករណ៍ខុសច្បាប់ដើម្បីនេសាទត្រីជាដើម។

បន្ថែមលើសពីនេះសូមអរគុណលោកអភិបាលខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងពិធីព្រលែងកូនត្រីនៅស្រះទឹកក្នុងរមណីយដ្ឋានព្រៃបាសាក់ដែលជាតំបន់ទេសចរណ៍មួយ សម្រាប់ខេត្តស្វាយរៀង ដែលទាំងនេះជាការចូលរួមចំណែកជួយអភិរក្សមច្ឆាជាតិ  ដើម្បីបង្កើនធនធានជលផលឱ្យកាន់តែកើនឡើងថែមទៀតផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post