header ads

Sponsor

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។

ការថ្លែងឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង នៅថ្ងៃទី២៥ ខែកក្កដា ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យមានការរីកចម្រើនថែមទៀត។ ឯកឧត្តម បន្តថា ការកំណត់ជាកាតព្វកិច្ចនេះ នឹងជួយឱ្យជនរងគ្រោះទទួលបានសំណងសមស្របណាមួយ សម្រាប់ការព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

គម្រោងអាចនឹងដំណើរការក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បាននិងកំពុងបន្តរីកចម្រើនយ៉ាងឆាប់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា បុព្វលាភដុលសរុបនៃទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បានកើនឡើងដល់ប្រមាណ៣០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និងមានកំណើនប្រមាណ២០ភាគរយ ជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ឯកឧត្តម អះអាងថា ទីផ្សារនេះនៅតែរក្សាបានកំណើនវិជ្ជមានក្នុងរង្វង់ប្រមាណ៨ភាគរយ ក្នុងឆ្នាំ២០២០ និង១០ភាគរយ ក្នុងឆ្នាំ២០២១ ទោះក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនធានារ៉ាប់រង ធានាបន្ទុកហិរញ្ញវត្ថុចំពោះរាល់ហានិភ័យ បានចំនួនប្រមាណជាង២០៤ប៊ីលានដុល្លារអាមេរិក ជាមួយបណ្ណសន្យារ៉ាប់រង ចំនួនជាង១លានប័ណ្ណ និងបានទូទាត់សំណងជូនអតិថិជនចំនួនជាង៤៥លានដុល្លារ។

ឯកឧត្តម បន្តថា ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានទ្រព្យសកម្មសរុបចំនួនប្រមាណ៨៥១លានដុល្លារអាមេរិក, មូលនិធិភាគទុនិកចំនួនប្រមាណ៣៦៩លានដុល្លារ និងបង្កើតការងារពេញម៉ោងបានចំនួនប្រមាណជិត៤ពាន់កន្លែង និងការងារក្រៅម៉ោងជាង១ម៉ឺនកន្លែង។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា គាំទ្រចំពោះគ្រោងការដាក់ឱ្យដំណើរការប្រព័ន្ធធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ខណៈបច្ចុប្បន្នបានអនុវត្តជាអន្លើរតែទៅលើយានយន្តនៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកទំនិញប៉ុណ្ណោះ។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ព្រមទាំងមានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១៕

ប្រភព ក្រសួងព័ត៌មាន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post