
សង្គម
បន្ទាប់ពីមានប្រតិកម្មកក្រើកហ្វេបុកពីមហាជន ពាក់ព័ន្ធនឹងការតម្រូវឲ្យអ្នកបេីកបរយានយន្តយកឯកសារច្បាប់ដេីមដាក់តាមខ្លួន ដូចជា បណ្ណបេីកបរ បណ្ណសំគាល់យានយន្ត និង កន្ទុយឈៀក។
នៅព្រឹកថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២ នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ បានចេញមកបំភ្លឺថា ៖ អ្នកបេីកបរ ត្រូវមានឯកសារភ្ជាប់ពេលធ្វើចរាចរណ៍ដូចខាងក្រោម ៖
១- បណ្ណបេីកបរ ( ច្បាប់ដេីម ហ្ស៊ីន )
២- បណ្ណសំគាល់យានយន្ត ( ច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ " បញ្ជាក់ពី អាជ្ញាធរខណ្ឌស្រុកក្រុង " )
៣-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ( ច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ " បញ្ជាក់ពី អាជ្ញាធរខណ្ឌស្រុកក្រុង " )
ដោយឡែក ឯកឧត្ដម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានបំភ្លឺបន្ថែមថា តាមគោលការណ៍ច្បាប់ អ្នកបេីកបរយានយន្តគ្រប់ប្រភេទ ត្រូវមានឯកសារច្បាប់ដេីមដាក់តាមខ្លួន ។
ប៉ុន្តែដោយមេីលឃេីញ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលទិញរថយន្តបង់រំលោះ និង បងប្អូនដែលយកបណ្ណសំគាល់យានយន្តទៅដាក់បញ្ចាំ ក៏ដូចជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន មន្ត្រីជំនាញបានស្នើសុំគោលការណ៍សម្រេចជាថ្មីពីថ្នាក់ដឹកនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ដេីម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយតម្រូវអោយយកតែ បណ្ណបេីកបរ ប៉ុណ្ណោះជាច្បាប់ដេីម ។
ដោយឡែក បណ្ណសំគាល់យានយន្ត និង វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត អាចប្រើប្រាស់ឯកសារថតចម្លងបានតែត្រូវមានការបញ្ជាក់ពីអាជ្ញាធរក្រុង ខណ្ឌ ស្រុក ។
សូមអរគុណចំពោះ អង្គភាព ស្ថាប័ន និង មន្ត្រីពាក់ព័ន្ធ ដែលបានសម្រួលដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។