វីដេអូមួយដែលផុសនៅលើបណ្ដាញសង្គមតិកតុក ដោយគណនីមួយដែលជាអ្នកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយពីឃើញសកម្មភាពបងប្អូនជាច្រើនកំពុងលក់ និងហូបចុកនៅលើផ្លូវរថភ្លើងជាច្រើនសិបនាក់ មើលដាច់កន្ទុយភ្នែកឯណោះ។
មានការបញ្ចេញមតិលើកឡើងណែនាំកុំឱ្យនាំគ្នាមកលក់ និងមកហូបបែបនេះ ព្រោះមានគ្រោះថ្នាក់ ហើយធ្វើឱ្យមានការចោលសំរាមមិនបានត្រឹមត្រូវ ខណៈនៅមានកន្លែងទំនេរជាច្រើនបែរជាមិននាំគ្នាទៅលក់ មកប្រថុយគ្រោះថ្នាក់បែបនេះទៅវិញ។
យ៉ាងណាក្រោយមានវីដេអូមួយបង្ហោះលើបណ្ដាញសង្គមថា មានមនុស្សជាច្រើនបានទៅអង្គុយញ៉ាំអាហារលើផ្លូវរថភ្លើង និងផ្ទុះការរិះគន់ នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះទៅណែនាំដល់អ្នកលក់ដូរកុំឱ្យដាក់តុឱ្យភ្ញៀវអង្គុយលើផ្លូវរថភ្លើង និងដាក់លក់ដកឃ្លាចេញពីផ្លូវរថភ្លើងហើយ។