header ads

Sponsor

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទងបានលើកឡើងនៅលើបណ្ដាញសង្គមកាលពីម៉ោង១០ និង៤៣នាទីយប់ថ្ងៃទី ០៨ ខែសីហា ហួសចិត្តទាក់ទងនឹងមន្ទីរពេទ្យមួយកន្លែងនៅខណ្ឌដង្កោ ព្រោះតែមិនបង់ថ្លៃព្យាបាលឱ្យខាងមន្ទីរពេទ្យខ្លួនគ្រប់ចំនួន ទើបមិនព្រមបញ្ជូលកុមារម្នាក់ដែលស្ថិតក្នុងស្ថានភាពត្រូវសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាឡើយ។

លោកឧត្តមសេនីយ៍ទោបានលើកឡើងឱ្យដឹងថា៖« ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ ។ កុមារនេះជាកូនរបស់បុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ ។ ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ ។

លោកបានបន្តឱ្យដឹងទៀតថា៖ «ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក្កយបត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ ។

ឪពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល ។ ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។ ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិក្កយបត្រនេះផងដែរ ។ អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយដំបៅនៃសង្គមយើងសព្វថ្ងៃ…»

នៅវេលាម៉ោង១២ និង០៩នាទីឈានចូលថ្ងៃទី ០៩ ខែសីហា លោកបានបន្ថែមឱ្យដឹងទៀតថា៖«ខ្ញុំបានបង់ប្រាក់គ្រប់ចំនួន ៤២០ ដុល្លារ ប៉ុន្តែខាងមន្ទីរពហុព្យាបាលមិនអនុញ្ញាតិឱ្យដឹកកុមារនោះទៅពេទ្យគន្ធបុប្ផាឡើយ ដោយពួកគាត់ទាមទារឱ្យខ្ញុំលុបអ្វីបានផូសពីហ្វេបុក ។ ខ្ញុំបានសុំការជួយពីនគរបាលខណ្ឌដង្កោ លោកអធិការបានចុះទៅផ្ទាល់គ្នាទាំងហ្វូង ទីបំផុតគាត់ព្រមដឹកយកទៅពេទ្យគន្ធបុប្ផា ។

បុគ្គលិកខ្ញុំផ្ញើវីដេអូមក ឃើញក្មេងប្រុសនោះទ្រហ៊ោយំជាខ្លាំងព្រោះតែការឈឺក្បាលហូរឈាមតាមត្រចៀក ដោយសារក្បាលគាត់បែកលលាដ៍ តាមការសន្និដ្ឋានបឋម ក្មេងនោះសង្ឃឹមតិចណាស់ ដោយសារការជួយសង្គ្រោះចង់យឺតពេលទៅហើយ ។ នេះឬចិត្តពេទ្យ?????? នេះឬមនុស្សមានសិទ្ធិបើកមន្ទីរព្យាបាល?????????»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post