ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជិត ៨ ៩៥១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២១០ លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ ស្មើជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងថា នៅក្នុងខែ កក្កដា ឆ្នាំ ២០២២ នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនជិត ៩៧០ ប៊ីលានរៀល ត្រូវប្រមាណជាង ២៣៩ លានដុល្លារ ស្មើជាង ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំនេះ ទៅខែកក្កដា ឆ្នាំ២០២១ ឃើញថា បានកើនឡើងចំនួនជាង ១៥៦ ប៊ីលានរៀលប្រមាណជាង ៣៨ លានដុល្លារ ស្មើជាង ១៩%។
ចំណែកប្រមូលចំណូលសរុបរយៈពេល ៧ខែ ឆ្នាំ២០២២ នេះវិញ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជិត ៨ ៩៥១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ២១០ លានដុល្លារ ស្មើជាង ៧៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងជាង ១ ៩៨៩ ប៊ីលានរៀល ត្រូវជាង ៤៩១ លានដុល្លារ ស្មើជាង ២៨%។
ឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ទោះបីជាមានហានិភ័យដែលបណ្តាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតាន តឹងនៃភូមិសាស្ត្រនយោបាយ និងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២០, ឆ្នាំ២០២១ និងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ ដោយតែងតែសម្រេចបានគ្រប់ និងលើសផែនការ កំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានា របស់រដ្ឋាភិបាល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕