
សង្គម
(ភ្នំពេញ)៖មានការដាច់ចរន្តអគ្គិសនីនៅស្ទើរទូទាំងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត កាលពីវេលាម៉ោង ០៣៖៤៩នាទីទៀបភ្លឺថ្ងៃទី២១ ខែសីហានេះ ដែលនាំឱ្យបងប្អូន ប្រជាពលរដ្ឋអ្នកប្រើប្រាស់ងឿងឆ្ងល់ជាខ្លាំង។
ជុំវិញរឿងនេះដែរ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការដាច់នេះ បណ្តាលមកពីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល។
ភ្លាមៗក្រោយការដាច់នោះ ក្រុមការងារបច្ចេកទេសធ្វើការពិនិត្យ ដើម្បីស្ដារប្រព័ន្ធ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។
អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងស្ដារប្រព័ន្ធភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៦:៣០នាទីព្រឹក។
ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ១,១៩២មេហ្គាវ៉ាត់៕