
សិល្បៈ
លោក ម៉ែន អេង ត្រូវបានមហាជនស្គាល់ថាឈ្មោះ អេង ឫទ្ធី ជាអតីតសិល្បករមួយរូប ក៏ជាឧត្តមសេនីយ៍ត្រីមួយរូបនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមពិធីករ-ពិធីការិនីផ្នែកសិល្បៈរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ហើយនៅពេលថ្មីៗនេះ ទើបទទួលបានមុខតំណែងថ្មីមួយទៀតគឺ អភិបាលរងខេត្តស្វាយរៀង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤។
បន្ទាប់អនុក្រឹត្យតែងតាំងត្រូវបានផ្សព្វផ្សាយជាសាធារណៈ គេឃើញមានសិល្បករជាច្រើនដែលជាអ្នកធ្លាប់រួមអាជីព បានសម្ដែងការសាទរត្រេកអរ ចំពោះរូបលោក ដោយឡែកសម្រាប់រូបលោកផ្ទាល់ នៅព្រឹកថ្ងៃទី ២១ ខែសីហានេះ ក៏បានលើកឡើងថ្លែងអំណរចំពោះប្រមុខថ្នាក់ដឹកនាំ ប្រកបដោយអត្ថន័យថា៖
អរគុណសន្តិភាព
ឱ ! បាយ័ន បាយ័នមុខបួន អង្រួនបេះដូង ជនានុជន ផ្តល់ក្តីមេត្តា ចិន្តាអត់ធន់ ទោះស្រាលឬធ្ងន់ រែកពន់ដោយស្មោះ ។
ឱ ! រាជនី រាជនីសប្បុរស សង្រ្គោះទាំងអស់ ចិត្តដូចមេឃា មិនថាយប់ថ្ងៃ ទោះក្តៅរងា គ្រប់ពេលវេលា នៅជិតជានិច្ច ។
ទេវតា ទេវតាដើរដី ប្រជាប្រុសស្រី បានសុខគ្រប់កាយ ដោយចិត្តសន្តោស រីករាយសប្បាយ ប្រជាក្អាកក្អាយ អរគុណសន្តិភាព ។
ឱ ! បាយ័ន ខ្ញុំសូមអរគុណ គុណនេះសែនធ្ងន់ ធ្ងន់ស្មើធរណី គោរពស្រលាញ់ អស់មួយជីវី ជូនដល់រាជនី រាជនីសប្បុរស ។
ខ្ញុំសូមអរគុណជាអនេកប្បការដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្តល់ឱកាសដល់រូបខ្ញុំបាទបានចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិព្រមទាំងឧបការជន គុណវន្តជន បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានចូលរួមអបអរសាទរនឹងផ្តល់កម្លាំងចិត្តដល់រូបខ្ញុំតាំងពីដើមរៀងរហូតមកដល់ពេលនេះ ។ ដើម្បីឆ្លើយតបនឹងការផ្តល់ឱកាស ការចូលរួមអបអរសាទរ ការលើកទឹកចិត្ត ខ្ញុំសូមប្តេជ្ញាចិត្តដោយខិតខំបពេញការងារដោយភាពស្មោះត្រង់ឱ្យអស់ពីសមត្ថភាពនិងលទ្ធភាពដែលខ្លួនមាន ។
សូមទេវតាដែលថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ឃុំគ្រងផ្តល់នូវភាពសុខក្សេមក្សាន្តដល់កម្ពុជរដ្ឋនិងមហាក្រុមគ្រួសារខ្មែរឋិតថេរចីរកាលតរៀងទៅ ។







