
សង្គម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីជំហរនៅក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគត ដោយសម្តេចបានអះអាងថា ទោះបីជា លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្តេច ហើយជាកូនរបស់ថ្នាក់ដឹកនាំណាមួយ ក៏សម្តេចនៅតែគាំទ្រដែរ ដោយសារតែលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖
«ខ្ញុំក៏គួរតែនិយាយ វាទាស់តែម៉ាណែត កើតមកជាកូនរបស់ខ្ញុំទេ តែខ្ញុំត្រូវតែបញ្ជាក់ថា បើទោះបីជាម៉ាណែតជាកូននរណាក៏ដោយ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ដែរ ព្រោះលក្ខណៈសម្បត្តិរបស់វាគ្រប់គ្រាន់ វាមិនមែនស្ថិតនៅត្រង់កូនខ្លួនឯងឯណា ខ្ញុំគាំទ្រអ្នកណាដែលអាចដឹកនាំគណបក្សប្រជាជនបាន ដែលអាចដឹកនាំកម្ពុជាបាន អញ្ចឹងកុំនិយាយថា អាហ្នឹងរឿងកូនហ៊ុន សែន ឥឡូវ ហ៊ុន ម៉ាណែត ត្រូវកាត់ផ្តាច់ពីខ្ញុំ ទៅជាកូនរបស់ជា សុផារ៉ា ឬកូន ចម ប្រសិទ្ធ ឬកូន ថោង ខុន ក៏ដោយចុះ ក៏ខ្ញុំនៅតែគាំទ្រ ព្រោះលក្ខណៈសម្បត្តិវាគ្រប់ៗ»។
ក្នុងពិធីសំណេះសំណាលដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្មម្តងទៀតចំពោះការរិះគន់ថាផ្ទេរអំណាច ខណៈដែលកម្ពុជាតែងតែរៀបចំការបោះឆ្នោត តាមច្បាប់មិនដែលខកខាន។
សម្តេចបានបញ្ជាក់ថា៖ «ម្ង៉ៃៗ លឺ(និយាយ)ថាផ្ទេរអំណាចឱ្យកូន យី ! អញមិនមែនបណ្តុះបណ្តាលឱ្យទៅធ្វើមេចោរឯណា បើវាមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រី ឲ្យវាធ្វើទៅ ហើយខ្ញុំបានបញ្ជាក់ហើយបើសិនជា កូនខ្ញុំមិនគ្រប់លក្ខណៈសម្បត្តិ ក៏ខ្ញុំមិនគាំទ្រដែរ ហើយខ្ញុំមិនឱ្យប្រទេសនេះបំផ្លាញដោយសារស្នាដៃកូនរបស់ខ្ញុំទេ ឪពុកប្រឹងកសាងកូនប្រឹងបំផ្លាញ មិនមែនអញ្ចឹងទេ អត់ទេ ហើយក៏មិនមែនកូនស៊ីកេររបស់ឪដែរ
ទោះបីជាមានការបង្ហាញអំពីបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត់ក៏ដោយ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងថា សម្តេចនឹងនៅតែបន្តឈរជាបេក្ខជននាករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចបានអះអាងថា ហើយបើថ្ងៃក្រោយ ទោះបីជាសម្តេចមិនឈរជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត ក៏សម្តេចមិនទាន់ទៅណាដែរ។
សម្តេចបញ្ជាក់ដូច្នេះទៀតថា៖ «ខ្ញុំមិនទាន់ទៅណាទេ មនុស្សខ្ញុំមិនងាយងាប់ទេ ទោះបីជាខ្ញុំឈប់ពីអំណាច ក៏មិនមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាកាន់អំណាច កុំទៅឆ្ងល់ពេក»៕