
សិល្បៈ
ដ្បិតមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈច្រើនឆ្នាំ តែតារាសម្តែង សាយ សៀរ៉ា មិន សូវសម្ញែងសម្ភារៈនិយមដូចមិត្តភក្តិឡើយ ។ អ្វីដែលចាប់អារម្មណ៍នៅពេលលោកទៅលេង ស្រុកកំណើតម្តងៗគេតែងឃើញលោកបង្ហាញរូបភាពជាមួយឪពុកម្តាយនៅក្នុងផ្ទះតូចថែមទៀតដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនកាន់តែមានការងឿងឆ្ងល់។
ដោយសារមុខមាត់ស្រស់សង្ហារួមជាមួយសមត្ថភាពនៅក្នុងការសម្តែងនោះបានធ្វើឱ្យលោក សាយ សៀរ៉ា ឈរជើងយ៉ាងរឹងមាំនៅក្នុងវិស័យសម្តែងអស់រយៈពេលជាច្រើនឆ្នាំ ដែលគិត មកដល់សព្វថ្ងៃលោកលេចមុខនៅក្នុងការសម្តែងរឿង ចម្រៀងខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្ម នានារាប់មិនអស់ ។
មានឈ្មោះជាតារាល្បីក៏ពិតមែន តែ សាយ សៀរ៉ា ហាក់មិនសូវបង្ហាញ ភាពហ៊ឺហាតាមរយៈការលេងសម្ភារៈនិយមដូចមិត្តរួមអាជីពនោះទេ ។ មួយវិញទៀតសូម្បីតែ ឪពុកម្តាយរបស់លោកក៏មិនមានផ្ទះធំទ្រនំខ្ពស់ដែលគេតែងឃើញលោកបង្ហាញនៅតាមបណ្តាញសង្គមកន្លងមក ។
ប៉ុន្តែ ទាំងនេះមិនមែនមានន័យថាតារាសម្តែង សាយ សៀរ៉ា មានជីវភាពខ្វះខាត នោះទេ ។ ការពិតសព្វថ្ងៃតារាសម្តែងរូបនេះកំពុងសាងសង់ផ្ទះវីឡាធំស្កឹមស្កៃជូនឪពុកម្តាយ នៅឯស្រុកកំណើតដែលស្ថិតនៅក្នុងខេត្តកំពង់ចាម ។បើតាមដឹងផ្ទះវីឡាមួយនេះចំណាយប្រាក់ធ្វើរាប់សែនដុល្លារដែលតាមគម្រោងវីឡាដ៏ស្រស់ស្អាតនេះនឹងសាងសង់រួចរាល់នៅក្នុងពេលដ៏ខ្លី ខាងមុខនេះ។ ជារឿយៗលោក សាយ សៀរ៉ា តែងចំណាយពេលទៅស្រុកកំណើតដើម្បីទៅមើលការសាងសង់ផ្ទះនោះផងដែរ ។
វ័យកាន់តែច្រើន តែតារាសម្តែង សាយ សៀរ៉ា ហាក់មិនមានគម្រោងរៀបការឬបង្ហាញមុខ ម្ចាស់ស្នេហ៍ជាចំហនៅឡើយទេ ខណៈមិត្តរួមអាជីពរបស់លោកមួយចំនួនបានរៀបការ នឹងមានកូនប្រឡែងលេងទៅហើយក្តី ។ គេចាំបានថាមួយរយៈមុនតារាសម្តែង សាយ សៀរ៉ា ក៏ពើបប្រទះនឹងរឿងអាស្រូវក្រោយលោកបានរួមការងារជាមួយអ្នកនាង ចោមក្វាន់ ប៉ុន្តែ យ៉ាងណាលោកបានចេញមុខច្រានចោលដោយស្បថដាក់ជីវីតថាពុំបានដឹងរឿងឆបោករបស់ អ្នកនាង ចោមក្វាន់ ជាមួយអតិថិជនឡើយ៕









