សិល្បៈ
តាគល់ក្រោយពីក្លាយជាម្ចាស់មកុដតម្លៃប្រមាណជា២៥ម៉ឺនដុល្លារមក MGC 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានងាកមកធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ដែលកាន់តែធ្វើឱ្យប្រជាប្រិយភាពរបស់ កញ្ញាមានសន្ទុះខ្លាំងមួយកម្រិតទៀត ។
ដ្បិតកម្មវិធី Miss Grand Cambodia 2022 នេះហាក់ជួបឧបសគ្គនៅក្នុងការប្រកួតជាច្រើនមែន តែជាលទ្ធផលនៅតែរកបានម្ចាស់ជ័យលាភីគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ក្នុងនោះក៏មាន មហាជនជាច្រើនបានសម្តែងការត្រេកអរនិងពេញចិត្តចំពោះរូបសម្រស់របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ។ អ្វីដែលកត់សម្គាល់គ្រាន់តែក្លាយ ជា MGC 2022 ភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញនូវសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការលាន់មាត់សរសើរដល់សកម្មភាពរបស់កញ្ញាពីសំណាក់មហាជនជាច្រើន ជាពិសេសអ្នកចូលចិត្តតាមដាននៅក្នុងវិស័យបវរ កញ្ញា ។
យ៉ាងណាមិញថ្មីៗនេះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមនៅក្នុងសកម្មភាពបរិច្ចាគឈាម ជួយដល់សង្គមជាមួយតារាសម្តែង នី មុន្នីនាថ រួមនឹងតារាសម្តែងជាច្រើនដែលកម្មវិធីនេះមានឈ្មោះថា«ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម ផ្តល់ក្តីស្រឡាញ់ ផ្តល់ជីវិតថ្មីជួយជីវិតមនុស្សដោយមិន ប៉ះពាល់សុខភាព »។
មិនតែប៉ុណ្ណោះកញ្ញាក៏បានខ្នះខ្នែងជួយអំពាវនាវរកសប្បុរជននានាដើម្បី បានថវិកាយកទៅជួសជុលដំបូលអាគារសាលាបឋមសិក្សាព្រៃគគីរដែលមាន៥ បន្ទប់ស្ថិតនៅ ភូមិត្រពាំងបុណ្យ ឃុំគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀងថែមទៀត ។
ជាមួយនឹងសកម្មភាពមនុស្សធម៌ដ៏សស្រាក់សស្រាំរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលគេបានឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុកនោះក៏ទទួលបានការស្រឡាញ់និងពេញចិត្តពីសំណាក់មហាជនជាច្រើនដោយមានការលើកឡើងត្រង់ៗថាកញ្ញាស័ក្តិសមជាម្ចាស់ជ័យលាភីដែលត្រៀមនឹងចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។
មួយវិញទៀតជារៀងរាល់ថ្ងៃ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចំណាយពេលវេលាហ្វឹកហាត់បន្ថែមនូវការប្រើប្រាស់ភាសាអង់គ្លេស និងការដើរម៉ូដដើម្បីត្រៀមចេញ ទៅប្រកួតដើម្បីមកុដនៅលើឆាកអន្តរជាតិនៅក្នុងពេលឆាប់ៗនេះ ៕