
សិល្បៈ
មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានចេញបទចម្រៀងថ្មីដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយរូបនាងផ្ទាល់ដោយបង្ហាញពីក្តីស្នេហ៍ខកបំណង ស្តាប់ហើយពិតជាឈឺចាប់ជាខ្លាំង។ក្នុងនោះក៏មានការលាន់មាត់ពីសំណាក់មហាជនពីភាពរឹងមាំរបស់តារាចម្រៀង ពេជ្រ សូលីកា កន្លងមក ។
ទោះជាជួបរឿងរ៉ាវមិនសមប្រកបឥតស្រាកស្រាន្ត តែតារាចម្រៀង ពេជ្រ សូលីកា នៅតែមិនបាក់ទឹកចិត្តនឹងបន្តអាជីពសិល្បៈយ៉ាងរលូន។ សូម្បីការបង្ហាញទុក្ខសោកនៅតាមបណ្តាញសង្គមក៏គេកម្រនឹងឃើញដែរបើទោះបីអ្នកនាងបានចែកផ្លូវជាមួយអតីតគូដណ្តឹងជាងមួយឆ្នាំទៅហើយក្តី ប៉ុន្តែថ្មីៗនេះ ពេជ្រ សូលីកា បានចេញបទចម្រៀងថ្មីដែលជាការនិពន្ធទំនុកច្រៀងដោយរួបនាងផ្ទាល់ ។
«ហេតុអ្វីយើងបែកគ្នា»ស្តាប់ហើយអត្ថន័យពិតជាពោរពេញទៅដោយ ទុក្ខសោកដោយបទចម្រៀងរៀបរាប់ពីក្តីសង្ឃឹមនិងភាពកក់ក្តៅដែលនាងទទួលពីបុរសម្នាក់នោះ តែផ្ទុយទៅវិញចំណងស្នេហ៍មួយនេះបែរជាប្រេះឆាទៅវិញ ប៉ុន្តែយ៉ាងណាក៏មានសុំអង្វរឱ្យបុរសរូបនោះត្រឡប់មកសាងស្នេហ៍ជាថ្មី។បទចម្រៀងនោះទៀតសោតក៏មានការសរសើរពីដៃគូជាបុរសដែលព្រមលាដៃឱ្យចាប់ក្នុងពេលជីវិតរបស់ខ្លួនជួបបញ្ហា ។ អត្ថន័យក្នុងបទចម្រៀងពិតជាមានភាពឈឺចាប់ដែលស្តាប់ហើយពិតជាដូចសាច់រឿងរបស់តារាចម្រៀង ពេជ្រ សូលីកា តែម្តង ។
បទចម្រៀងចាក់ដោតមួយបទនេះក៏ទទួលបានការចាប់អារម្មណ៍នឹងចូលរួមបញ្ចេញមតិពីសំណាក់ហ្វេន ហ្វេនជាច្រើនដោយខ្លះបានលើកឡើងថា«អាណិតគាត់ណាស់មិនហ៊ាននិយាយត្រង់បានត្រឹមនិពន្ធបទចម្រៀងជារឿងផ្ទាល់ខ្លួនដើម្បីឱ្យធូរចិត្ត»«រឹងមាំពេកហើយអាយដល»«គ្រប់យ៉ាងជាការចងចាំមិនអាចដូចដើមវិញឡើយយល់អារម្មណ៍មួយនេះ»។ ក្នុងនោះក៏មាន អ្នកគាំទ្រខ្លះសរសើរព្រោះ មិនដែលដឹងសោះថា ពេជ្រ សូលីកា ចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងបែបនេះពិតជាពូកែគ្រប់យ៉ាង ។
ដ្បិតចំណងស្នេហ៍បានប្រេះឆាទៅហើយក្តី តែ ពេជ្រ សូលីកាក៏ដូចជាអតីតគូដណ្តឹងនៅតែបន្ត ផ្តល់ភាពកក់ក្តៅនិងមើលថែទាំកូនប្រុសជាធម្មតា ប៉ុន្តែយ៉ាងណាអតីតគូស្នេហ៍ ពេជ្រ សូលីកា ធ្លាប់ប្រាប់ថាលោកលែងស្រឡាញ់ ពេជ្រ សូលីកា ហើយមានតែក្តីស្រឡាញ់និងគោរពេក្នុង នាមជាម្តាយកូនប្រុសរបស់លោកប៉ុណ្ណោះ៕









