
សង្គម
ទើបនឹងទិញរថយន្តថ្មីស្រឡាងមិនទាន់បានពីរខែស្រួលបួលផងពេលនេះតារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បានទិញរថយន្តថ្មីមួយគ្រឿងពណ៌ក្រហមស្រស់បន្ថែមទៀតដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនលាន់មាត់គ្រប់គ្នា។
វ័យជាង៥០ឆ្នាំទៅហើយក្តី តែតារាសម្តែងលោក សាវិន ហ្វីលីព នៅតែឈរជើងរឹងមាំនៅក្នុង វិស័យសម្តែង ជាពិសេសលោកក្តោបបាននៅក្នុងការសម្តែងជាតួអង្គសំខាន់ៗថែមទៀត។ អ្វីដែលគួរឱ្យសរសើរលោក សាវិន ហ្វីលីព ត្រូវបានគេចាត់ទុកជាសិល្បករដែលមានឆន្ទះខ្ពស់ ពោលលោកបានប្រកាសថាមិនទទួលធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុនគ្រឿងស្រវឹងឬល្បែងស៊ីសងឡើយបើទោះទទួលបានតម្លៃខ្លួនខ្ពស់ក៏ដោយ ។ ការលើកឡើងរបស់លោក សាវិន ហ្វីលីព ធ្វើឱ្យតារាក្នុងសិល្បៈជាច្រើនរិះគន់ដោយគិតថាសម្តីរបស់លោកគ្រាន់តែចង់បានមុខមាត់និងល្បីឈ្មោះប៉ុណ្ណោះ ។
ជុំវិញរឿងនេះលោក សាវិន ហ្វីលីព បានលើកឡើងយ៉ាងខ្លីថា «ជារឿងធម្មតាពាក្យពិតរែង ស្លែងបែបនេះហើយ»។ អ្វីដែលចាប់អាម្មណ៍ចុងក្រោយនេះលោក សាវិន ហ្វីលីព ត្រូវបានគេ សម្គាល់ឃើញថាប្រើជីវិតរស់នៅហ៊ឺហាជាងមុន ជាក់ស្តែងកាលពីចុងខែកក្កដាកន្លងទៅលោកទើបទិញរថយន្តទំនើបមួយគ្រឿងជិះមិនបានប៉ុន្មានផងស្រាប់តែម្សិលមិញនេះលោកបានទិញបន្ថែមមួយគ្រឿងទៀតថ្មីចែសដោយបញ្ជាក់ថាជារថយន្តខ្លាញ់គោថែមទៀត ។ ជាមួយនឹងការបង្ហាញសមាជិកថ្មីជាបន្តបន្ទាប់របស់តារាសម្តែងជើងចាស់រូបនេះក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈផងដែរ ។
មិនត្រឹមជោគជ័យនៅក្នុងការងារសិល្បៈនោះទេសូម្បីជីវិតគ្រួសាររបស់លោក សាវិន ហ្វីលីព ក៏មានសុភមង្គលដែរដោយសព្វថ្ងៃលោកកំពុងរស់នៅជាមួយភរិយា និងកូនប្រុសស្រីចំនួនបីនាក់ដែលកូនស្រីទីពីររបស់លោកក៏មានទេពកោសល្យសិល្បៈដោយកន្លងមកកញ្ញាក៏ធ្លាប់ចូលរួមសម្តែងរឿងទៀតផង៕












