
សិល្បៈ
បទចម្រៀង«ជីវិតក្មេងវត្ត»ដែលជាការនិពន្ធដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ ១៩៩៦ ដែលច្រៀងដោយលោក យិន សារិន ហើយបទចម្រៀងនេះក៏ត្រូវច្រៀងសារជាថ្មីដោយលោក ជិន វឌ្ឍនា នឹងដឹកនាំការផលិតជាថ្មីដោយផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង ។ អ្វីដែលចាប់អារម្មណ៍សម្រាប់ការចំណាយនៅក្នុងការផលិតបទចម្រៀងប្រវត្តិសាស្រ្ត«ជីវិតក្មេងវត្ត»នេះអស់ប្រមាណជា១២ម៉ឺនដុល្លារឯណោះ ។
ភាពយន្តចម្រៀងប្រវត្តិសាស្រ្ត «ជីវិតក្មេងវត្ត»ត្រូវបានដាក់សម្ពោធនឹងចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងទី២៨ ម្សិលមិញនេះនៅសាលសន្និបាទនៃក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈលោកជំទាវ ភឿង សក្កណា លោកឧកញ៉ា លោកជំទាវបណ្តារមន្ត្រីក្រសួងរួមនឹងសិល្បករការិនីក៏ដូចជាភ្ញៀវកិត្តិយសប្រមាណជាង ២ពាន់នាក់ដែលកាន់តែធ្វើឱ្យការសម្ពោធចាក់បញ្ចាំងបទចម្រៀងប្រវត្តិសាស្រ្តដែលជាសាច់រឿងពិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពអធិកអធមថែមទៀត ។
ភាពយន្តចម្រៀងប្រវត្តិសាស្រ្ត«ជីវិតក្មេងវត្ត» ដែលជាការដឹកនាំសម្តែងដោយផលិតករដែល មានឈ្មោះបោះសំឡេងលោក ហ្វៃ សំអាង ពិតជាទស្សនីយភាពដ៏អស្ចារ្យដោយសារបាន បង្កប់ដោយអត្ថរូបយ៉ាងសម្បូរបែប ជាពិសេសបានឆ្លុះបញ្ចាំងពីការខិតខំប្រឺងប្រែងតស៊ូរៀនសូត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ រហូតក្លាយមកជាប្រមុខដឹកនាំដ៏អស្ចារ្យម្នាក់ ។
ក្នុងនោះដែរលោកជំទាវ ភឿង សក្កណា ក៏បានសម្តែងការកោតសរសើរដល់សិល្បករការិនីដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសម្តែងភាពយន្តចម្រៀងប្រវត្តិសាស្រ្ត«ជីវិតក្មេងវត្ត»បានយ៉ាងល្អបែបនេះ។
ដោយឡែកលោក ហ្វៃ សំអាង ក៏បានឱ្យដឹងថាវណ្ណកម្មមួយនេះមានការសម្រិតសម្រាំងបំផុត ទាំងការជ្រើសរើសតួសម្តែង ទីតាំងថត ជាពិសេសការប្រើប្រាស់ភាសាសន្ទនាតែម្តង ។ បើទោះសាច់រឿងមានត្រឹមតែ ៣១នាទីក្តី តែការចំណាយនៅក្នុងការផលិតភាពយន្ត ចម្រៀងប្រវត្តិសាស្រ្ត «ជីវិតក្មេងវត្ត»នេះត្រូវចំណាយទឹកប្រាក់ជារហូតដល់ ១២ម៉ឺនដុល្លារឯណោះ ។
ងាកមកសិល្បករការិនីដែលមានវត្តមាននៅក្នុងភាពយន្ត ចម្រៀងប្រវត្តិសាស្រ្តមួយបទនេះសុទ្ធតែបង្ហាញក្តីរីករាយដោយបានចូលរួមសម្តែងនៅក្នុងសាច់រឿងដែលជាខ្សែជីវិតរបស់ប្រមុខរដ្ឋាភិបាលគឺសម្តេចេតជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕


















