
សង្គម
ទោះធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idolរដូវកាលទី៤ក៏ពិតមែន តែលោក ណាន វីសារ បានសម្រេចក្ដីស្រមៃក្លាយជាតារាចម្រៀងនឹងមានឱកាសការងារជាបន្តបន្ទាប់។អ្វីដែលគួរឱ្យសរសើរគ្រាន់តែទទួលបានប្រាក់ខែ ដំបូងភា្លមតារាពន្លកថ្មីរូបនេះបានទិញខ្សែដៃមាសយ៉ាងស្រស់ស្អាតជូនអ្នកម្តាយដែលធ្វើឱ្យ អ្នកម្តាយរំភើបរហូតស្រក់ទឹកភ្នែក ។
ជឿជាក់ថាមហាជនពិតជានៅចាំបានអតីតបេក្ខជន Cambodian Ido lរដូវកាលទី៤ លោក ណាន វីសារ ជាកូនកំព្រាឪពុកតាំងពីតូច ហើយម្តាយត្រូវជាប់ពន្ធនាគាររស់នៅដោយខ្វះភាពកក់ក្តៅរសាត់អណ្ដែតរហូតបានចាកចេញទៅធ្វើចំណាកស្រុកនៅប្រទេសថៃថែមទៀត ប៉ុន្តែ បច្ចុប្បន្នយុវជនរូបនេះចាប់មានទីផ្សារបណ្តើរៗទាំងការច្រៀង នឹងការថតពាណិជ្ជកម្មនានា។ អ្វីដែលចាប់អារម្មណ៍គ្រាន់តែទទួលបានប្រាក់ខែដំបូងភ្លាមលោក ណាន វីសារ បានទិញខ្សែដៃមាសយ៉ាងក្រហមឆ្អិនឆ្អៅជូនអ្នកម្តាយនៅក្នុងឱកាសពិធីបុណ្យភ្ជុំកន្លងទៅដែលធ្វើឱ្យអ្នកម្តាយរបស់លោករំភើបចិត្តជាខ្លាំង ។
ដ្បិតកាដូដែលលោកជូនអ្នកម្តាយមិនធំដុំត្រឹមខ្សែដៃមាស៥ជី រួមនឹងទឹកប្រាក់មួយចំនួន តែលោកពិតជាមានអារម្មណ៍ថារីករាយជាខ្លាំងព្រោះជាទឹកប្រាក់ដែលជាកម្លាំងញើសឈាមខ្លួនឯង ។ ទង្វើកត្តញ្ញូរបស់យុវជនរូបនេះក៏ទទួលបានការកោតសរសើរ ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេនៗរបស់លោកដោយម្នាក់ៗបាននិយាយ ថា«ពិតជាកូនប្រុសដ៏ល្អណាស់មិនងាយរកបានទេ »«ល្អណាស់ធ្វើបុណ្យជាមួយអ្នកមានគុណបែបនេះនឹងកាន់តែចម្រុងចម្រើន»«សង្ហាហើយកត្តញ្ញូទៀតចូលចិត្តអាយដលណាស់» ជាដើម ។
គួរបញ្ជាក់ថាលោក ណាន វីសារ ក៏ជាអតីតបេក្ខជនមួយរូបដែលទទួលបានការស្រឡាញ់ ចូលចិត្តពីសំណាក់មហាជនដោយសារលោកមានចរិករួសរាយជាមនុស្សមានភាពតស៊ូ ជាពិសេសបានកែប្រែវាសនាពីកម្មករសំណង់មកចាប់យកក្តីស្រមៃរបសខ្លួនជាតារាចម្រៀង ។ មិនទទួលបានពានក្តី តែបច្ចុប្បន្នលោក ណាន វីសារ ចាប់ផ្តើមមានទីផ្សារសិល្បៈដោយលោកមានឱកាសលេចមុខនៅក្នុងការកម្មវិធីនានារបស់ក្រុមហ៊ុនមួយចំនួនការថតផ្សាយផលិតផលនានា សម្អាងការ ហើយថ្មីៗនេះតារាពន្លកថ្មីដែលមានប្រភពមកពីខេត្តបាត់ដំបងរូបនេះក៏មានឱកាសបានថតMV ជាមួយតារាចម្រៀង សួស វីសា នៅក្នុងផលិតកម្មហង្សមាសផងដែរ ៕
















