header ads

Sponsor

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official ឱ្យបញ្ឈប់ការផុសធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការអភិរក្សសត្វព្រៃដែលកំពុងរងនូវការគំរាមកំហែងជារៀងរាល់ថ្ងៃ។

លោក នេត្រ ភក្ត្រា នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងយ៉ាងដូច្នេះថា៖ “សូមជម្រាបជូនដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official សូមបញ្ឈប់ការផុសធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់! យោងតាមសម្តីរបស់តួអង្គបុរស និងស្ត្រីទាំង២នាក់ ក្នុងវីដេអូបានបញ្ជាក់ថា មុខម្ហូបនេះបានយកសត្វក្តាន់ញ៉ែងមកធ្វើ”។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា សត្វក្តាន់ញែង ជាសត្វព្រៃដែលត្រូវអភិរក្ស ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងដឹកនាំការធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ការផ្លាស់ប្តូរឥរិយាបថជនមួយចំនួនដែលនិយមហូបសាច់សត្វព្រៃ ឱ្យងាកមកចូលរួមការពារអភិរក្សសត្វព្រៃ និងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។ ទង្វើនៃការផុសមុខម្ហូបធ្វើពីសាច់សត្វព្រៃ ជាទង្វើអសីលធម៌ និងជាការបំពានច្បាប់ និងត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះពលរដ្ឋភាគច្រើនលើសលប់ សូម្បីក្នុងវីដេអូដែលផុសនោះ ប្រជាពលរដ្ឋទាំងអស់មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ។

ដូច្នេះ សូមបញ្ឈប់សកម្មភាពនេះ ព្រោះមនុស្សទូទៅមិនគាំទ្រ និងមិនកោតសរសើរនូវទង្វើខ្វះទទួលខុសត្រូវនេះឡើយ និងបានក្លាយជាជនចម្លែកតែឯង ខណៈពលរដ្ឋភាគច្រើនលើសលប់បានយល់ដឹងយ៉ាងច្បាស់ពីសារៈប្រយោជន៍នៃការការពារ និងអភិរក្សសត្វព្រៃ។ ប្រសិនបើអ្នកណាបានស្គាល់ម្ចាស់ហ្វេសប៊ុក Kaa Official សូមជួយផ្តល់ព័ត៌មានដើម្បីលុបវីដេអូដែលលើកទឹកចិត្តការបរិភោគសាច់សត្វព្រៃនេះជាបន្ទាន់។
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post