
សិល្បៈ
ពិតជាមានមោទកភាពខ្លាំងណាស់បើទោះមមាញឹកនៅក្នុងការងារសិល្បៈនឹងត្រូវ បំពេញ តួនាទីជាម្តាយផង និងឪពុកផងចំពោះកូនប្រុសស្រីដល់ទៅពីរនាក់ក្តី តែតារាចម្រៀង សុន ស្រីពេជ្រ នៅតែឈ្លៀតពេលបន្តការសិក្សារហូតទទួលបានសញ្ញាប័ត្រនៅក្នុងថ្ងៃទី ០៥ នេះ ។
នៅក្នុងនាមជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) នឹងទទួល បានសញ្ញាប័ត្រនៅក្នុងថ្ងៃទី ០៥នេះ តារាចម្រៀង សុន ស្រីពេជ្រ បានបង្ហាញទឹកមុខរីករាយ នឹងបានបង្ហាញអារម្មណ៍ថា«អាណិតពុកម៉ែបងបងនិងកូនខំមកអង្គុយរង់ចាំកូនមកពីទទួលសញ្ញាប័ត្រ ( ឆាកជីវិត ) អបអរសាទរខ្លួនឯង នឹងអបអរបងបងដែលទទួលបានកិត្តិយសក្នុងថ្ងៃនេះ»។អ្វីដែលកត់សម្គាល់នៅក្នុងថ្ងៃពិសេសនេះតារាកំប្លែងលោកតា សង់ ស៊ីស និងភរិយា ក៏ដូចជាតារាកំប្លែង កាឆយ ក៏បានមកអបអរចំពោះភាពជោគជ័យរបស់អ្នកនាង សុន ស្រីពេជ្រ ជាប្អូនស្រីឃើញហើយពិតជាមានភាពកក់ក្តៅជាខ្លាំង ។
ជាមួយនឹងការចូលរួមរីករាយចំពោះការទទួលសញ្ញាប័ត្ររបស់ សុន ស្រីពេជ្រ ក៏មានការសរសើពីសំណាក់មហាជនពីភាពតស៊ូរបស់អ្នកនាងដែលខំប្រឹងប្រែងបន្តការសិក្សារហូតទទួលបានជោគជ័យបើទោះខ្លួនមានការងារមមាញឹកទាំងអាជីពសិល្បៈ នឹងត្រូវ មើលថែទាំកូនៗដល់ទៅពីរនាក់តែម្នាក់ឯង ។
គេចាំបានថាតារាចម្រៀង សុន ស្រីពេជ្រ បានរៀបការជាមួយស្វាមីជាអ្នករកស៊ីកាលពីចុង ឆ្នាំ ២០១៩ ក្រោយនាងទទួលបានចំណងដៃកូនស្រីម្នាក់ តែគួរឱ្យស្តាយនៅអំឡុងខែសីហា ឆ្នាំ ២០២០ អ្នកនាង ក៏បានចែកផ្លូវជាមួយស្វាមីយ៉ាងស្ងៀមស្ងាត់ ដោយបន្សល់នូវកូន ប្រុសស្រីចំនួនពីរនាក់ដែលនាងជាអ្នករ៉ាប់រងចិញ្ចឹម ។ មុនមានស្វាមីតារាចម្រៀង សុន ស្រី ពេជ្រ ក៏ធ្លាប់ចែកផ្លូវជាមួយគូដណ្តឹងជាមន្ត្រីរាជការ ម្តងរួចមកហើយកាលពីអំឡុងឆ្នាំ ២០១៦ ៕