Sponsor

កំពង់ស្ពឺ៖ កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស  និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធី  ពីលោក ចក់ សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ  បានបើកប្រតិបត្តិការចុះបង្រ្កាបករណីសញ្ចាកម្ម នៅទីតាំង KTV និងបើកផ្ទះសំណាក់ គ្មានយីហោដោយរំដោះនារី៧នាក់ចេញពីការបង្ខាំងសម្រាប់ជួញដូរផ្លូវភេទ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ក្រោមកិច្ចចង្អុលណែនាំ​ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ។

បើតាមការបញ្ជាក់ពី​សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រភពច្បាស់ការណ៍ថាទីតាំង KTV ខាងលើនេះបើកបម្រើ សេវាច្រៀងលេងកម្សាន្ដផង និងលួចលាក់ឲ្យមានការផ្ដល់សេវាផ្លូវភេទ ​ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ០៣នាក់ដែលជាអ្នកទទួលខុសត្រូវលើទីតាំងខាងលើដើម្បីយកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ដ។ 

តាមការបញ្ជាក់ពី លោកស្រី  វរសេនីយ៍ ទោ  មួន  មល្លិកា  នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស  និងការពារអនីតិជន  ថាជនសង្ស័យ ដែលបានឃាត់ខ្លួនក្នុងប្រតិបត្តិខាងលើរួមមាន ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ ឆ្នាំ តួនាទី ជាថៅកែហាង, ឈ្មោះ ទាវ ស្រីមុំ ភេទស្រី អាយុ ១៨ ឆ្នាំ តួនាទី ជាមេការ និង ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទី ជាមេការ។ 

ក្នុងប្រតិបត្តិការនោះដែរសមត្ថកិច្ចបានសង្រ្គោះនារីចំនួន០៧នាក់ មានក្មេងស្រី  មិនទាន់គ្រប់អាយុ(ជាអនីតិជន ក្រោម១៨ឆ្នាំ ) ០៤នាក់ ប្រគល់ជូនមន្ទីរសង្គមកិច្ច។ 

ក្រោយនីតិវិធីសាកសួរលើជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានរកឃើញតម្រុយពីការប្រព្រឹត្តឲ្យមានអំពើសញ្ចាកម្ម  បម្រើសេវាផ្លូវភេទនៅទីតាំងខាងលើ សមត្ថកិច្ចនគរបាលបានបំពេញនីតិវិធី និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការបន្ដ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor