
សិល្បៈ
គ្រាន់តែត្រឡប់មកដល់ស្រុកខ្មែរមិនទាន់ប៉ុន្មានផងតារាចម្រៀងប្រចាំផលិតកម្មថោន នី រ័ត្ន បានសម្រុកថតបទចម្រៀងថ្មីៗស្វាគមន៍អ្នកគាំទ្រក្រោយឃ្លាតឆ្ងាយអស់រយៈពេល ៥ឆ្នាំ ។ អ្វីដែលចាប់អារម្មណ៍ នីរ័ត្ន បានត្រៀមបទចម្រៀងពីរោះប្រមាណជា ១០បទឯណោះ ។
ជឿជាក់ថាមិត្តយុវវ័យប្រាកដជានៅចងចាំម្ចាស់បទ «ស៊ីចេកផឹកទឹក » និង បទ «វ៉ល់ វ៉ល់»ដែលផ្ទុះខ្លាំងកាលពី ៥ឆ្នាំមុន ប៉ុន្តែគួរឱ្យស្តាយ នីរ័ត្ន បានចាកចេញទៅរស់នៅប្រទេស អូស្ត្រាលីក្រោយអ្នកនាងបានរៀបការស្វាមីនៅទីនោះ។ កាលណោះអ្នកគាំទ្រមិនតិចទេសោកស្តាយ នីរ័ត្ន ព្រោះថាអ្នកនាងក៏ជាតារាចម្រៀងដែលមានសំឡេងពីរោះនិងកាយវិការ ក្រម៉ាច់ក្រម៉ើមគួរឱ្យក្នាញ់។ អ្វីដែលចាប់អារម្មណ៍កាលពីថ្ងៃទី ១៩កញ្ញាកន្លងទៅ នីរ័ត្ន បានត្រឡប់មកស្រុកកំណើតដោយនាងធ្វើដំណើរមកតែម្នាក់ឯងពុំមានវត្តមាន ស្វាមីនិងកូនប្រុសឡើយ ។
ខុសពីតារាដទៃមកដល់ស្រុកខ្មែរភ្លាម នីរ័ត្ន មិនបានដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ឡើយ អ្នកនាងបែរជាយកពេលវេលាមកផ្តោតលើការងារសិល្បៈដែលមានទាំងការច្រៀងនិង សម្តែង MV។ជាក់ស្តែងថ្មីៗនេះម្ចាស់បទ «វ៉ល់ វ៉ល់» រូបនេះបានបង្ហាញសកម្មភាពខ្លះៗនៅក្នុង ការថតMVដោយភ្ជាប់ជាមួយសារខ្លីថា«ក្រោយបែកគ្នា៥ឆ្នាំនាងខ្ញុំមានបទថ្មីសម្រាប់អ្នកស្រឡាញ់ និងគាំទ្រ នីរ័ត្ន ទាំងអស់គ្នា»។
បើតាមការលើកឡើងរបស់ នីរ័ត្ន បានឱ្យដឹងថានាង ត្រៀមបទចម្រៀងរហូតដល់ទៅ ១០បទឯណោះសម្រាប់ហ្វេន ហ្វេន ។ ជាមួយនឹងបទ ចម្រៀងថ្មីៗរបស់ នីរ័ត្ន ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន សម្តែង ការរីករាយព្រោះខកខានស្តាប់បទរបស់នាងច្រើនឆ្នាំទៅហើយ ។
សម្រាប់ការចុះមកស្រុកខ្មែរជាលើកដំបូងក្រោយរៀបការរួចរបស់ នីរ័ត្ន ក្នុងគោលបំណងមក ធ្វើបុណ្យជូនលោកឪពុក និងប្អូនស្រីដែលបានចែកឋានទៅ ហើយមូលហេតុដែលនាងមិន យកកូនប្រុសមកជាមួយដោយសារគេនៅតូច។បើតាមគម្រោង នីរ័ត្ន ចុះមកស្រុកខ្មែរប្រមាណ តែបួនសប្តាហ៍ប៉ុណ្ណោះ ។ គេចាំបានថា នីរ័ត្ន បានភ្ជាប់ពាក្យជាមួយពលរដ្ឋខ្មែរជាអ្នករស់នៅ ប្រទេសអូស្រ្តាលី ក្រោយអ្នកនាងមានឱកាសបានទៅសម្តែងនៅទីនោះកាលពីឆ្នាំ ២០១៨កន្លងទៅ ៕








