សង្គម
អាម៉ាប៉ាប៉ាញ៉ូសកាន់តែមានការអាណិតនឹងផ្តល់កម្លាំងចិត្តដល់តារាចម្រៀង ពេជ្រ សូលីកា ខណៈថ្មីៗនេះ នាងបានបង្ហោះសារបង្ហាញការអាក់អន់ចិត្តក្រោយឃើញមានការរំម្លឺកឡើងវិញនូវវីដេអូចាស់ៗ របស់នាងជាមួយអតីតស្វាមី ។ ពេជ្រ សូលីកា ក៏បានសំណូមពរឱ្យឈប់គាស់កកាយរឿង អតីតមួយនេះឡើងវិញ ព្រោះថានាងឈឺចាប់ណាស់ទៅហើយ ។
ការចែកផ្លូវគ្នារបស់ ពេជ្រ សូលីកា នឹងអតីតស្វាមីមានរយៈពេលមួយឆ្នាំទៅហើយ តែ អ្នកគាំទ្រជាច្រើននៅតែចង់ឱ្យអ្នកទាំងពីរត្រូវរ៉ូវគ្នាជាថ្មីឡើងវិញ ព្រោះពួកគេជាដៃគូដែលស័ក្តិសមហើយថែមទាំងមានកូនប្រុសជាទីស្រឡាញ់មួយជាចំណងដៃថែមទៀត ។ ជាញយដង វីដេអូក៏ដូចជារូបភាពចាស់ៗរបស់ ពេជ្រ សូលីកា និងអតីតស្វាមីក៏ត្រូវបានគេយកមកបង្ហោះ នឹងវែកញែកនៅលើបណ្តាញសង្គមថែមទៀត ។
ហាក់មិនចង់ឃើញអតីតកាលរបស់ខ្លួនឡើងវិញ ពេជ្រ សូលីកា ក៏បានបញ្ចេញអារម្មណ៍មិន សប្បាយចិត្តនឹងបានសុំឱ្យមហាជនទាំងអស់ឈប់លើកវីដេអូចាស់ៗរបស់នាងមកបង្ហោះទៀត ។ ម្ចាស់បទ «ហេតុអ្វីយើងបែបគ្នា»រូបនេះបានរៀបរាប់ថា«ហេតុអី ដឹងហើយ ឮហើយចាំបាច់ចូលទៅខមិនលើ VDO ចាស់ៗមករំលឹកអតីតកាលឈឺចាប់របស់ខ្ញុំទៀតធ្វើអី “សល់ត្រឹមការចង់ចាំ” ?
តើអ្នកខមិនស្គាល់ពីការឈឺចាប់អ្នកដទៃដែរទេ?VDO ខ្លះផុសយូរខែយូរឆ្នាំហើយខ្ញុំសុំចិត្តបងៗ ផុសហើយឱ្យ វាហួសទៅចុះ»។ ការលើកឡើងរបស់ ពេជ្រ សូលីកា បាន ធ្វើឱ្យ ហ្វេនដែលស្រឡាញ់ចូលចិត្តនាងបានចូលទៅខមិនលើកទឹកចិត្តគ្រប់គ្នា ។ បន្ថែមពីនេះ ពេជ្រ សូលីកា បានឱ្យដឹងទៀតថាប្រសិនជាអាចនាងនឹងលុបវីដេអូទាំងនេះឱ្យអស់ មិនឱ្យ មានការវែកញែកអ្វីទេ តែមិនអាចទៅរួចដោយសារវីដេអូខ្លះជាកាតព្វកិច្ចការងារ។
ដ្បិតជួបរឿងផ្ទួនៗជាបន្តបន្ទាប់មិនថារឿងគ្រួសារ និងស្នេហា តែ ពេជ្រ សូលីកា នៅតែបង្ហាញ ភាពរឹងមាំនិងស្រស់ស្រាយជាធម្មតាតាមរយៈការបង្ហាញសកម្មភាពការងារជាបន្តបន្ទាប់នៅក្នុង សិល្បៈជាមួយនឹងការលេងខ្លួនប្លែកៗនិងទាក់ទាញជាងមុន៕