
សិល្បៈ
កាលពីពេលថ្មីៗនេះ ប្រិយមិត្តប្រហែលជាបានឃើញហើយនៅលើបណ្ដាញសង្គម ដែលអ្នកលក់លៀសហាលម្នាក់កំពុងល្បីឈ្មោះ តាមរយៈការតុបតែងខ្លួន ព្រមទាំងមានទេពកោសល្យបកស្រាយបទចម្រៀងបានយ៉ាងពីរោះផងនោះ ។
ភាពទាក់ទាញនេះ មិនត្រឹមតែទាក់ទាញអ្នកទស្សនាប៉ុណ្ណោះទេ ថែមទាំងតារាចម្រៀងល្បីៗ ក៏ដូចជាម្ចាស់អាជីវកម្មជាច្រើនបានទាក់ទង មកសម្ភាសន៍លោក ជាមួយគ្នានោះដែរ ពូឈឹម ក៏ប្រកាសជួយផងដែរ។
តាមរយៈការជួយនេះលោកបានប្រកាសថា ៖«បើស្រលាញ់ អាណិត ចង់ជួយគាត់មេត្តាប្រាប់តៗគ្នាថា: ពូឈឹមប្រកាសជួយដើមទុន(5000$)ដល់ប្អូនរុញលៀស ហាលលក់តាមផ្លូវ និងច្រៀងបទ(ឆារ៉ាក្រមុំបង)» ក្រោយឃើញបែបនេះមហាជនបានសម្ដែងការត្រេកអរជំនួស ។ ប៉ុន្តែនៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ លោក ចំរើន ដែលគេស្គាល់ថាជា «អភិជន លៀសហាល» បានចេញវីដេអូបកស្រាយពាក់ព័ន្ធនឹងលុយ៥ពាន់ដុល្លារនេះ។
តាមរយៈវីដេអូសម្ភាសន៍ជាមួយម្ចាស់ផលិតកម្មមួយលោកបានលើកឡើងថា «មិនបានលុយពីពូឈឹម១០០៛ ថែមទាំងអស់លុយថ្លៃជិះកង់បី៥ម៉ឺនរៀលទៀត ហើយសូម្បីទឹកសុទ្ធមួយដបក៏មិនបានផឹកដែរ ពេលទៅជួបពូឈឹម»។
តែយ៉ាងណាលោកចំរើនក៏បានបញ្ជាក់ផងដែរថា ពូឈឹមគាតមិនឱ្យជាលុយទេ គឺគាត់ឱ្យជាមុខរបរដែលសរុបជាទឹកប្រាក់ ស្មេីនឹង 5000$ មិនមែនឱ្យជាលុយសុទ្ធទេ ហើយចំពោះការឱ្យនេះក៏ត្រូវបានលោកបដិសេធមិនទទួលយកផងដែរ ដោយសារតែ ខ្លួនស្រលាញ់ផ្នែកសិល្បៈជាង ចង់ដើរលើវិថីសិល្បៈជាង។
ដោយឡែកសម្រាប់ពូឈឹមវិញក៏បានលើកឡើងផងដែរ ក្រោយពីចំរើននិយាយយ៉ាងដូច្នេះ « សូមមើលឃ្លីបនេះឡើងវិញ ពូឈឹមមិនចង់ឲ្យប្អូននូវត្រី (១)ក្បាល និងបន្លែ(១)មុខដើម្បីស្លរហូបមួយពេលទេ តែពូឈឹមគ្រោងឲ្យស្រះដ៍ធំមួយហើយមានទាំងមេត្រី បាត្រី កូនត្រីនិងពង់ត្រីដែលអាចផ្គត់ផ្គង់បានយូអង្វែង ខ្ញុំខកចិត្តខ្លាំងណាស់ប្អូនដើរលឿនពេក»៕











