
សង្គម
មិនមែនជាតារាល្បីលំដាប់ប្រទេស តែតារាសម្តែង សឿន ផាភួង មានជីវភាពហ៊ឺហាមិនធម្មតា យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតកូនស្រីតារាសម្តែង អាង សុជាតា ហៅ ឈូ ឈូ នាពេលខាងមុខនាងមានគម្រោងនឹងចំណាយប្រាក់ដល់ទៅ ៣ម៉ឺនដុល្លារសម្រាប់រៀបចំពិធី ខួបកំណើតកូនស្រី ឱ្យអធិកអធមមិនចាញ់ពិធីមង្គលការនោះឡើយ។
មានការចាប់អារម្មណ៍ជាខ្លាំងខណៈបង្ហាញផ្ទះវីឡាថ្មីមិនបានប៉ុន្មានផង សឿន ផាភួង និងកូន ស្រី អាង សុជាតា បានទិញរថយន្តពីរគ្រឿងបន្ថែមទៀត ដែលបានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈលាន់មាត់សរសើរពីការខិតខំប្រឹងប្រែងរបស់ម្តាយកូនពីរនាក់នេះជាខ្លាំង ។
អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃទី ០២ ខាងមុខនេះ សឿន ផាភួង ក៏បានរៀបចំពិធីខួបកំណើតសម្រាប់កូន ស្រីជាទីស្រឡាញ់របស់ខ្លួន គម្រប់អាយុ ១៨ឆ្នាំ ដោយគ្រោងនឹងអញ្ជើញភ្ញៀវដែល មានទាំងក្នុងនិងក្រៅសិល្បៈប្រមាណជា ៧០តុ នៅភោជនីយដ្ឋានឡាក់គីប្រាយផ្លូវជាសុផារ៉ា។មិនមែនជារឿងធម្មតាទេសម្រាប់ពិធីខួបកំណើតរបស់តារាសម្តែងវ័យក្មេង អាង សុជាតា សឿន ផាភួង ជាម្តាយត្រៀមកញ្ចប់ប្រាក់ដល់ទៅបីម៉ឺនដុល្លារឯណោះសម្រាប់ចំណាយនៅក្នុងពិធី ។
បើតាមដឹងមិនមែនជាលើកដំបូងទេកន្លងមក សឿន ផាភួង ក៏ធ្លាប់រៀបពិធីខួបកំណើតកូនស្រី ជាលក្ខណៈហ៊ឹកហ៊ាក់ដែរគ្រាន់តែឆ្នាំនេះជាលក្ខណៈអធិកអធមខ្លាំង ។ ជាមួយនឹងជីវភាព ធូរធាររបស់តារាសម្តែង សឿន ផាភួង នឹងកូនស្រីមិនបានធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ទេព្រោះ ពីរនាក់ម្តាយនិងកូនសុទ្ធតែកំពុងមានទីផ្សារការងារខ្ពស់នៅក្នុងសិល្បៈ ជាពិសេស អាង សុជាតា ជាកូនស្រីតែម្តង ៕








