
សិល្បៈ
មានវ័យត្រឹមតែ ៧ឆ្នាំសោះ តែបេក្ខភាពនៅក្នុងកម្មវិធីThe Voice Kid កែវ ហ្សាណា ទទួល បានការស្រឡាញ់ពេញចិត្តពីសំណាក់ទស្សនិកជនជាច្រើន ។ តាមរយៈទេពកោសល្បសិល្បៈ ដែលមានទាំងការច្រៀង រាំ នឹងការដើរបង្ហាញម៉ូដយ៉ាងជឿជាក់មិនចាញ់មនុស្សពេញវ័យ ។ តោះមកស្គាល់ប្រវត្តិខ្លះៗរបស់កុមារីរូបនេះទាំងអស់គ្នា ។
កែវ ហ្សាណា បានបង្ហាញវត្តមាននៅក្នុងវគ្គBlind Audition សប្តាហ៍ទីមួយនៅក្នុងកម្មវិធី The Voice Kid រដូវកាលទីបីដោយលើកយកបទចម្រៀងដែលមានចំណងជើងថា«ពឺតៗ»ដែលជា សំនៀងដើមរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ។ មិនត្រឹមតែអាចច្រៀងបានល្អប៉ុណ្ណោះទេ កុមារី កែវ ហ្សាណា ក៏បានបញ្ចេញកាយវិការរាំយ៉ាងរស់រវើកគួរឱ្យក្នាញ់ថែមទៀតហើយក្នុង នោះគណៈកម្មការទាំងបីក៏បានចុចប៊ូតុងយក ហ្សាណា តែជាលទ្ធផល ហ្សាណា បានរើស យកតារាចម្រៀង ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក ។
អ្វីដែលធ្វើឱ្យអ្នកទស្សនាមានការចាប់ភ្ញាក់ផ្អើលនោះគឺកុមារី កែវ ហ្សាណា ដែលមានវ័យនៅ ក្មេងសោះតែមើលទៅមានភាពក្លាហាននឹងជឿជាក់ជាខ្លាំងហើយមួយវិញទៀតកុមារីរូបនេះ ក៏បានដើរម៉ូដ កាច់រាងទៅតាមចង្វាក់ភ្លេងយ៉ាងរស់រវើកមិនចាញ់អ្នកបង្ហាញម៉ូដពេញ វ័យប៉ុន្មានឡើយ ។ ជាមួយនឹងការស្ងើចសរសើរពីសមត្ថភាពក៏ដូចជាភាពស្វាហាប់ក៏មានការចង់ដឹងថាតើកុមារីវ័យ៧ឆ្នាំរូបនេះមានទេពកោសល្យដើរម៉ូដពីកំណើតឬទទួលបានការបង្ហាត់បង្រៀនពីសាលាជំនាញមួយណា?
បើតាមការលើកឡើងពីសំណាក់តារាសម្តែង ព្រះកាយច័ន្ទ បានឱ្យដឹងថាកុមារី កែវ ហ្សាណា គឺជាសិស្សនៅក្នុងក្លឹបរបស់កញ្ញា ដែលកុមារីរូបនេះមិនត្រឹមតែចេះច្រៀង និងដើរម៉ូដប៉ុណ្ណោះ ទេ កែវ ហ្សាណា ក៏ចេះរាំរបាំបុរាណ និង K –POP ផងដែរ។ មានការលើកឡើងពីសំណាក់ អ្នកទស្សនាថាធំឡើង អូន ហ្សាណា អាចដាក់ពាក្យប្រកួតបវរកញ្ញាហើយបើមានទេពកោសល្យសិល្បៈពេញខ្លួនបែបនេះនោះ ៕






