
សិល្បៈ
ក្រោយបទចម្រៀងផ្ទាល់ខ្លួនចេញជាបន្តបន្ទាប់នៅក្នុងផលិតកម្មហង្សមាស តារាចម្រៀងទើបនឹងរះ លីម តិចម៉េង កាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់ ជាពិសេសយុវវ័យតែម្តង ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះក៏មានការវែកញែកព្រោងព្រាត រួមទាំងមតិរិះគន់ក្រោយលេចធ្លាយវីដេអូ លីម តិចម៉េង ត្អូញត្អែរពីការស្រឡាញ់លើសលប់ របស់ហ្វេន ហ្វេន រហូតធ្វើឱ្យមានការខូចខាតសម្ភារៈផ្ទាល់ខ្លួនរបស់លោក។
គេចាំបានថាក្រោយដណ្តើមបានពានក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol រដូវកាលទី បួន លីម តិចម៉េង កាន់តែមានទីផ្សាររីកទូលាយពោលគឹលោកមានទាំងការថតបទចម្រៀង ផ្ទាល់ខ្លួន នឹងការចេញច្រៀងនៅតាមបណ្តារខេត្តនានាស្ទើរមិនមានពេលសម្រាក ។ រាល់ការ បង្ហាញខ្លួនរបស់កម្លោះតូចរូបនេះតែងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន។
ជាក់ស្តែងថ្មីៗនេះមានការលេចធ្លាយវីដេអូមួយរបស់ លីម តិចម៉េង ដោយលោកបាននិយាយ ដោយភ្ជាប់ជាមួយនឹងរឿងកញ្ចក់រថយន្តរបស់លោកបាក់ម្ខាងថាពេលត្រឡប់មកភ្នំពេញវិញតៃកុងរថយន្តរបស់លោកសុខចិត្តបើករថយន្តដៃម្ខាងនិងកាន់កញ្ចក់ដៃម្ខាងទាល់តែមកដល់ភ្នំពេញទើបធ្វើ។
អ្វីដែលចាប់អារម្មណ៍ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបនេះក្តី តែ លីម តិចម៉េង មិនបានខឹង នឹងបន្ទោសអ្នកគាំទ្រទេលោកបាននិយាយថា« ធ្វើម៉េចបើទឹកចិត្តគាត់គាំទ្រយើងគាត់ស្រឡាញ់យើងគាត់ចង់ជួបយើងគាត់ចង់ថតជាមួយយើងគាត់ចង់ឱបយើងចង់ធ្វើអ្វីៗជាមួយយើង ។ លីម តិចម៉េង បានបន្ថែមទៀតថាពេលខ្លះលោកមិនដែល ធ្វើអ្វីដើម្បីឱ្យខ្លួនឯងមានក្តីសុខ ធ្វើអ្វីឱ្យខ្លួនឯងបានសប្បាយភាគច្រើនលោកគិតទៅលើអ្នកគាំទ្រគ្រប់ទីកន្លែងដែលលោកបានទៅ។
ការលើកឡើងរបស់តារាចម្រៀងចំណូលថ្មីប្រចាំផលិតកម្មយក្សហង្សមាសរូបនេះក៏ទទួលបានការខមិនជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយអ្នកខ្លះបាននិយាយថា«ជាfanគួរយល់ពីគាត់ផងគាត់ហត់ណាស់ហើយ» បងប្អូនបើមិនពេញចិត្តគាត់អូសរំលេងទៅចប់ហើយ»
ជាមួយនឹងការលើកទឹកចិត្តទាំងអស់នោះគេក៏បានឃើញអ្នកលេងបណ្តាញសង្គមខ្លះបានរិះគន់ លីម តិចម៉េង ចំៗថា «បើវេទនាម្លឹង ៗឱ្យអញធ្វើម្ចាស់ពានវិញ វេទនាអីទេរវល់រហូតតែបានលុយមានចែកអាណាផងវេទនាអីទេ»«រឿងចឹងៗអាយដលមិនគួរយកមកដ្រាម៉ាទេ កុំទន់ជ្រាយពេក»«ខ្ញុំក៏ជាហ្វេនរបស់បងដែរពេលប្រឡងមើលគំរូរៀមច្បងផងគេមិនដែលត្អូញត្អែរទេគាត់មានតែពាក្យថាតស៊ូត្រូវចាំថាកាន់តែល្បីកាន់តែមានគេស្គាល់ច្រើន »។
គួរបញ្ជាក់ថាក្នុងចំណោមម្ចាស់ពាននៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idolទាំងបួនរដូវ កាលមានតែកម្លោះតូច លីម តិចម៉េង ម្នាក់ប៉ុណ្ណោះដែលទទួលបានការគាំទ្រយ៉ាងលើសលប់ពីសំណាក់មហាជនព្រោះលោកមានទាំងព្រមមិនថាសមត្ថភាពទាំងព្រមតែម្តង ៕











