សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយមានកូនជាចំណងដៃតារាសម្តែង និងចម្រៀង សម ម៉ាណា ហាក់មិនសូវខ្វល់ខ្វាយជាមួយនឹងការងារសិល្បៈដូចមុនឡើយ ។ប៉ុន្តែថ្មីៗនេះនាងបានបណ្តើរតារាចម្រៀង យ៉ែម សំអូន ទៅប្រទេសបារាំងដើម្បីចូលរួមច្រៀងនៅទីនេះជាលើកដំបូង ។
សម ម៉ាណា ត្រូវបានគេស្គាល់ថាជាអតីតសមាជិកនៅក្នុងក្រុមតារាចម្រៀងនារីរៃមាសដែលមានប្រជាប្រិយភាពមិនធម្មតាដែរកាលពីជាង ១០ឆ្នាំមុន តែយ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយនេះ សម ម៉ាណា មិនសូវខ្វាយខ្វល់នៅក្នុងការងារសិល្បៈនោះទេស្របនាងមានកូន នឹងមានការបង្ហើបថាគូស្នេហ៍នាងជាអ្នកមានទ្រព្យធននិងមានមុខមាត់នៅក្នុងសង្គម។
ណាមួយលោកមិនចង់ឱ្យនាងហត់នឿយនឹងការងារនេះ តែយ៉ាងណាមួយរយៈមុន សម ម៉ាណា ក៏បានចូលរួមសម្តែងរឿងភាគទូរទស្សន៍«ស្នាមស្នេហ៍សមុទ្ររាម»វគ្គ២ ជាស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ជា ផងដែរ។
ដ្បិតមិនសូវមានសកម្មភាពសិល្បៈថ្មីៗក៏ពិតមែន តែ សម ម៉ាណា តែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តរួមអាជីពមិនដែលខកខាននោះទេ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះ សម ម៉ាណា បានបណ្តើរតារាចម្រៀងវ័យក្បែរ ៥០ឆ្នាំលោក យ៉ែម សំអូន ទៅប្រទេសបារាំងដែល តាមដឹងដំណើរមកប្រទេសបារាំងរបស់អ្នកទាំងពីរគឺមកសម្តែងជូនបងប្អូនខ្មែរដែលរស់នៅទីនេះមិនមែនមកដើរកម្សានា្តនោះឡើយ ។
ជាមួយគ្នានោះលោក យ៉ែម សំអូនបាន អះអាងថាការមកច្រៀងនៅប្រទេសបារាំង ជាមួយ សម ម៉ាណា មានរយៈពេលខ្លី តែលោកមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ។ នេះជាការមកសម្តែងជាលើកដំបូងរបស់ សម ម៉ាណា និងលោក យ៉ែម សំអូន នៅក្នុងប្រទេសបារាំង ហើយការមកលើកនេះលោក យ៉ែម សំអូន ក៏បានបណ្តើរកូនប្រុសជាទីស្រឡាញ់មកជាមួយដែរ ៕