
សិល្បៈ
ក្រោយបំពេញតាមបំណងរបស់ភរិយាជាទីស្រឡាញ់រួចរាល់ដោយការរៀបចំពិធីរៀបមង្គលការជាលើកទីពីរនៅសហរដ្ឋអាមេរិកនោះពេលនេះតារាចម្រៀងលោក នៅ ស៊ីនឿន គ្រោងនឹង ត្រឡប់មកស្រុកខ្មែរវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ ។
គេចាំបានថាដ្បិតបានរៀបការយ៉ាងអធិកអធមនៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំកាលពីចុងឆ្នាំ ២០២១ហើយក៏ពិតមែន តែលោក នៅ ស៊ីនឿន និងភរិយាបានរៀបមង្គលការជាថ្មីម្តង ទៀតនៅសហរដ្ឋអាមេរិក ។ ពិធីរបស់លោកបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩កន្លងទៅដោយ មានការចូលរួមសាទរពីសំណាក់សាច់ញាតិនិងមិត្តភក្តិជាច្រើនកុះករ ហើយអ្វីដែលធ្វើឱ្យ លោ ក នៅ ស៊ីនឿន កាន់តែរំំភើបនោះគឺអ្នកម្តាយរបស់លោកបានទៅចូលរួមនិងផ្តល់ពរជ័យជា លើកទីពីរនៅក្នុងថ្ងៃមង្គលរបស់លោកលើទឹកដីអាមេរិក ។
លោក នៅ ស៊ីនឿន ធ្លាប់ប្រាប់ថា មូលហេតុលោករៀបចំពិធីមង្គលការម្តងទៀតគឺធ្វើទៅតាមបំណងរបស់ភរិយាព្រោះអ្នកនាងមានសាច់ញាតិនិងមិត្តភក្តិច្រើននៅទីនោះ ។
លោក នៅ ស៊ីនឿន ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មហង្ស មាស តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកមិនសូវខ្វល់ខ្វាយនឹងការងារសិល្បៈប៉ុន្មានឡើយ ពោលលោកបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យហើយដែលតាមដឹង លោកក៏មានរីសតនៅខេត្ត មណ្ឌលគីរីផងដែរ ។
អ្វីដែលកត់សម្គាល់ទោះមានភរិយាជាអ្នករស់នៅសហរដ្ឋអាមេរិកក្តី តែ លោក នៅ ស៊ីនឿន មិនមានបំណងរស់នៅទីនោះជាប់លាប់ឡើយដែលតាមគម្រោងលោកនឹងត្រលប់មកស្រុកកំណើតនៅក្នុងពេលឆាប់ខាងមុខនេះដើម្បីមកមើលការខុសត្រូវក្នុងអាជីវកម្មរួមនឹងការងារសិល្បៈផងដែរ ៕








