
សិល្បៈ
មួយរយៈចុងក្រោយនេះកំពូលតារាចម្រៀង មាស សុខសោភា ហាក់មិនមានបទចម្រៀងផ្ទុះកក្រើកដូចមុនទេ ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះបែរជាងាកមកបង្កើនស្ទីលតែងខ្លួន ដែលកាន់តែកាចនិងទាក់ទាញជាងមុន ។ ហ្វេន ហ្វេន ជាច្រើនលាន់មាត់ថាស្ទីលតែងខ្លួន របស់ មាស សុខសោភា មើលទៅប្លែកភ្នែកមិនជាន់គ្នាពិតជាមានការច្នៃប្រឌិតមិនធម្មតាឡើយ ។
ក្រោយពីក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរាមទីផ្សាររបស់តារាចម្រៀង មាស សុខសោភា ហាក់នៅទ្រឹងនៅឡើយ ស្របចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀងរូបនេះហាក់ ងាកមកពង្រឹងការរកស៊ីច្រើនជាងសកម្មភាពថ្មីៗនៅក្នុងអាជីពសិល្បៈ ។ ប៉ុន្តែយ៉ាងណា សម្រាប់នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែដែលទើបកន្លងផុតទៅ នោះ មាស សុខសោភា ក៏មានឱកាសកើបប្រាក់ នៅតាមបណ្តារខេត្តនានា មិនចាញ់តារាចម្រៀងល្បីៗជាមិត្តរួមអាជីពឡើយ ។
ទោះមិនទាន់មានបទចម្រៀងផ្ទុះសម្រាប់ស្វាគមន៍អ្នកគាំទ្រក៏ពិតមែន តែ សម្រាប់ការបង្ហាញវត្តមានរបស់ មាស សុខសោភា មិនបានធ្វើឱ្យ ហ្វេន ហ្វេន ខកចិត្តនោះទេ ដោយនាងបានលេងស្ទីលតុបតែងខ្លួនកាន់តែកាចនិងទាក់ទាញជាមួយនឹង Fashion ប្លែកៗដែលមើលទៅ ស្រស់ស្អាតឈ្នះអស់មាសត្រូវតែម្តង ។
មហាជនជាច្រើនលើកឡើងថារាល់ការបង្ហាញខ្លួន របស់ មាស សុខសោភា នៅក្នុងកម្មវិធីប្រគំតន្រ្តីម្តងៗម៉ូដសម្លៀកបំពាក់របស់នាងពិតជាប្លែក និងបត់បែនទៅតាមពេលវេលា មើលទៅស័ក្តិសមជាខ្លាំង ។ អាចនិយាយថា មាស សុខសោភា មិនមានបទចម្រៀងថ្មីៗ តែស្ទីលនៃការតែងខ្លួនរបស់ នាងថ្មីវ៉ាដាច់គេដែលកាន់តែធ្វើឱ្យតារាចម្រៀងរូបនេះនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ។
គូររំម្លឹកថា មាស សុខសោភា បានហក់ចូលទ្រនំរាម ជាង១ឆ្នាំទៅហើយ តែ មិនទាន់មានបទចម្រៀងផ្ទុះខ្លាំងនៅឡើយទេ ខណៈពេលឡើងឆាកប្រគំតន្រ្តីម្តងៗ ភាគច្រើនគេសម្គាល់ឃើញ មាស សុខសោភា លើកយកបទចាស់ៗល្បីៗរបស់នាងនាពេលកន្លងមកបកស្រាយ ៕













