
សង្គម
នេះជាលើកដំបូងដែលតារាចម្រៀង ឱក សុគន្ធកញ្ញា និងតារាចម្រៀងរ៉េបវ័យក្មេងលោក វណ្ណដា បានសម្តែងប៉ះគ្នានៅក្នុងព្រឹត្តិការណ៍បិទកីឡាជាតិលើកទីបីកាលពីថ្ងៃទី ៣០យប់ មិញនេះ។ អ្នកគាំទ្រជាច្រើនបានសម្តែងការពេញចិត្តក្រោយឃើញសកម្មភាពរបស់តារា ចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញក្តីស្រឡាញ់ដល់លោក វណ្ណដា ជាសិស្សប្អូនយ៉ាងកក់ក្តៅ ។
ព្រឹត្តិការណ៍បិទកីឡាជាតិលើកទីបីបានបញ្ចប់ទៅដោយជោគជ័យនឹងមានអ្នកចូលរួមប្រមាណជាបួនម៉ឺននាក់។អ្វីដែលគួរឱ្យចាប់អារម្មណ៍កម្រងរូបភាពជាច្រើននៅក្នុងទិដ្ឋភាពដ៏អស្ចារ្យនេះត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម។
ក្រៅពីការចូលរួមសម្តែងពីសំណាក់សិល្បករការិនីបុរាណសម័យជាច្រើនក្នុងនោះក៏មានតារាចម្រៀងល្បីបីរូប គឺ អ្នកនាង ឱក សុគន្ធកញ្ញា លោក វណ្ណដា និងលោក ជី ដេវីត ដែលកាន់តែធ្វើឱ្យទស្សនីយ ភាពនៅក្នុងកម្មវិធីនេះអស្ចារ្យថែមទៀត។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបនោះនេះជាលើកដំបូងដែលតារាចម្រៀង ឱក សុគន្ធកញ្ញា និងតារាចម្រៀងរ៉េប វណ្ណដា បានសម្តែងរួមគ្នា ។
តាមរយៈរូបភាពរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងតារាចម្រៀង វណ្ណដា គេសង្កេតឃើញ ថាអ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងផ្តល់ក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមកបើទោះពួកគេមិនមែនជាតារារួមទ្រនំក៏ដោយ ។
តាមរយៈរូបភាពមួយសន្លឹកគេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញទឹកមុខស្រស់ស្រាយតាមមើលការដើរយ៉ាងស្វាហាប់របស់ លោក វណ្ណដា ហាក់ដូចជាបងស្រីដែលឈរមើលយ៉ាងមានមោទកភាពចំពោះប្អូនប្រុសរបស់ខ្លួន ។
មិនតែប៉ុណ្ណោះតារាចម្រៀងរៀមច្បង ឱក សុគន្ធកញ្ញា ក៏បានឈរមើលការសម្តែងរបស់ វណ្ណដា ជាមួយលោកតា គង់ ណៃ នៅក្នុងបទចម្រៀង « Time to Rise» ក្នុងទឹកមុខរីករាយក្នុង ចំណោមមហាជនជាច្រើនកុះករ ៕










