
សង្គម
CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ២ថ្ងៃកន្លងមកហើ ដ្បិតការប្រកួត គឺរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ។ កាលពីព្រឹកមិញ គឺជាកាន់ភាន់ឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានការផ្ដល់ប្រាក់រង្វាន់អ្វីនោះទេ។
ឯកឧត្តមមានប្រសាសន៍ថា ៖«ថ្ងៃនេះ កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំដោយជោគជ័យ ជាមួយអ្នកចូលរួមប្រមាណ១០០នាក់។ ប៉ុន្ដែទន្ទឹមជាមួយគ្នា យើងឃើញមានបងប្អូនខ្លះ ទាំងអ្នកបានចូលរួម ក៏ដូចជាអ្នកពុំបានចូលរួម មានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត»។ ឯកឧត្តមបានបញ្ជាក់ថា ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកទទួលបានជ័យលាភី គណៈកម្មការរៀបចំបានផ្ដល់វត្ថុអនុស្សាវរីយ៍ និងថវិកាបន្ដិចបន្ដួចផងដែរ។
គូសបញ្ជាក់ថា ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ។ ជាក់ស្ដែងការប្រកួតអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម រួមទាំងព្រឹត្តិការណ៍កីឡាជាច្រើនទៀត សុទ្ធតែគ្មានប្រាក់រង្វាន់។ ក្រឡេកមកសកម្មភាពកីឡា ក្នុងឱកាសបុណ្យសមុទ្រនេះវិញ ក៏ដូចគ្នា គឺរៀបចំដើម្បីអបអរសាទរ ហើយស្មារតីធំបំផុត នៃការចូលរួមរបស់បងប្អូន ក៏ដើម្បីអបអរព្រឹត្តិការណ៍ជាតិដ៏ធំនេះ ដោយទឹកចិត្ត ដោយឆន្ទៈ និងដោយក្ដីស្រលាញ់ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព មិនមែនផ្ដោតលើការប្រកួតយកឈ្នះចាញ់ ហើយរឹតតែមិនដើម្បីប្រាក់រង្វាន់ថែមទៀត ។
ដោយឡែកពាក់ព័ន្ធនឹងតម្លៃចុះឈ្មោះចូលរួមប្រណាំងកង់វិញ គឺជាវិភាគទានមួយ ដែលបងប្អូនស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដាកីឡា និងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង ដែលជារឿងមួយសំខាន់ ដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អ តាំងពីកន្លែងចេញដំណើរ រហូតដល់ទីព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ។ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យអ្នកចូលរួមចូលភាគទាន។ នេះបើតាមប្រសាសន៍បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។



ប្រភព៖ cambodia2023