
សិល្បៈ
បេក្ខជនអាយុ ៥៦ ឆ្នាំ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានវ័យចំណាស់ជាងគេទូទាំងប្រទេស ក្រោយពីទទួលបានលទ្ធផលថាបានធ្លាក់ហើយនោះ ក៏មិនបាក់ទឹកចិត្ត និងប្រកាសថាបន្តក្ដីស្រមៃមកប្រឡងឆ្នាំក្រោយទៀត ទទួលបានការកោតសរសើរ និងលើកទឹកចិត្តពីអ្នកលេងបណ្ដាញសង្គមជាច្រើន ក្នុងក៏មានសម្ដេចតេជោ នាយករដ្ឋមន្ត្រីផងដែរ។
អ្នកស្រី ហែម សុីណាត បានលើកឡើងទៅកាន់អនុរក្សដែលខលសួរថា៖ «មិនអីទេកូន ឆ្នាំក្រោយម៉ែដាក់ពាក្យប្រឡងទៀត ដើម្បីបំពេញក្ដីស្រម៉ៃរបស់ម៉ែធ្វើជាគ្រូបង្រៀន» ដែលពាក្យនេះហើយធ្វើឱ្យមានការពេញចិត្ត និងថាជាការលើកទឹកចិត្តដ៏ល្អសម្រាប់សិស្សដែលបានធ្លាក់បាក់ឌុបផ្សេងទៀត។
នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២២នេះ តាមរយៈទំព័រហ្វេបុក សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងលើកទឹកចិត្តដល់អ្នកស្រី ហែម ស៊ីណាត ផងដែរ ក្នុងនោះសម្ដេចបានថ្លែងសារថា៖
«ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជីវិត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម សុីណាតអាយុ៥៦ឆ្នាំដែលបានចូលប្រឡងបាក់ឌុប ហើយធ្លាក់នូវថវិកា ចំនួន១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ ខាងមុខ។»
ក្រោយទទួលបានសារនេះហើយ បងប្អូនអ្នកលេងបណ្ដាញសង្គមជាច្រើន សម្ដែងការពេញចិត្ត ព្រមទាំងលើកឡើងថា៖ «មីងជាគំរូដ៏ល្អមួយរូប និងជាសាក្សីដែលបង្ហាញថា ការចាប់ផ្តើមយឺត ប្រសើរជាងគ្មានការចាប់ផ្តើម សូមអរគុណសម្តេចពុកដែលតែងតែគិតគូរពីសុខទុក្ខប្រជាជន ជាកូន ចៅ របស់សម្តេចគ្រប់ពេលវេលា »៕








