
សិល្បៈ
បទចម្រៀងមួយបទដែលមានចំណងជើងថា ៖ «រូបកូនសំណាងជាងគេ» ដែលច្រៀងដោយអ្នកឧកញ៉ា លាង ម៉េង និង លោកជំទាវ គឹម ចាន់ណា ច្បាស់ជាលោកអ្នកធ្លាប់បានស្ដាប់ហើយ ជាពិសេសគឺនៅពេលក្នុងពិធីមង្គលការកូនរបស់លោកផ្ទាល់ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ ពេលនេះបានដឹងហើយថាបទចម្រៀងមួយបទនេះគឺមានតារាចម្រៀងម្នាក់នៅពីក្រោយការបង្ហាត់ច្រៀងផ្ទាល់។
ពិធីសិរីមង្គលដ៏គគ្រឹកគគ្រេងដែលទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមនោះ កូនកំលោះគឺជាកូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ គឹម ចាន់ណា រីឯកូនក្រមុំគឺជាចៅស្រីរបស់ ឯកឧត្តម ជា សុផារ៉ា និងជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និង ឯកឧត្តមបណ្ឌិត ម៉ឹង មករា។
ក្នុងពេលនោះហើយដែលអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ បានបកស្រាយចម្រៀង «រូបកូនសំណាងជាងគេ...» ដើម្បីជូនពរកូនៗទាំងពីរ ដែលធ្វើឱ្យមានការសរសើរ និង ចែករំលែកវីដេអូយ៉ាងព្រោងព្រាត តែថ្មីៗនេះខណៈកម្មវិធីប្រគំតន្រ្តីមួយនៅផ្សារទំនើបជីបម៉ុង ត្រូវបានអ្នកនាង ឱកសុគន្ធកញ្ញា បង្ហាញឱ្យដឹង បទចម្រៀងមួយបទនេះគឺអ្នកនាងជាអ្នកបង្វឹកបង្រៀនច្រៀងដោយផ្ទាល់។
ជាមួយគ្នានោះតារាចម្រៀងជើងចាស់រូបនេះ ក៏បានលើកឡើងថា អ្នកឧកញ៉ា ថាអ្នកនាងតឹងរឹង តែអ្នកនាងនិយាយលេងវិញថា ពន្លើសពេកហើយ តែអ្នកនាងក៏បានសរសើរអ្នកឧកញ៉ា និងលោកជំទាវផងដែរថា អ្នកទាំងពីរពិតជាបានដាក់ចិត្តដាក់កាយក្នុងការហ្វឹកហាត់ ដោយគ្មានការនឿយហត់ ដើម្បីទុកជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់កូនប្រុសស្រីរបស់លោក។ សូមទស្សនាវីដេអូបកស្រាយលម្អិតខាងក្រោមនេះ៖








