
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះអតីតតារាសម្តែងជើងចាស់ដ៏ល្បីល្បាញជំនាន់ទសវត្សឆ្នាំ៨០លោក សុវណ្ណ មុន្នី បានបង្ហាញវត្តមាននៅក្នុងស្រុក កំណើតក្រោយពីចាកចញទៅរស់នៅសហរដ្ឋអាមេរិកសាងអនាគតគ្រួសារប្រមាណជាង ២០ឆ្នាំមកហើយ។
អ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាលោក សុវណ្ណ មុន្នី នៅតែមានសម្រស់ស្រស់សង្ហាហើយរូបរាងទៀតសោតមាំមួនមិនប្រែប្រួលបើប្រៀបធៀបសិល្បករការិនីជំនាន់លោក ។
សព្វថ្ងៃលោក សុវណ្ណ មុន្នី បានចាកចេញទៅរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានៅសហរដ្ឋអាមេរិកដែលគិតមកដល់ពេលនេះមិនតិចជាង ២០ឆ្នាំឡើយ។ នេះក៏ជាលើកទី៥ ដែលអតីតតារាសម្តែងជើងចាស់ដ៏ល្បីរូបនេះបានមកលេងស្រុកកំណើតដែលតាមគម្រោងលោកនឹងមកលេងប្រទេសខ្មែរប្រមាណជាបីសប្ហាហ៍ប៉ុណ្ណាះ។
សម្រាប់ការមកលេងស្រុកកំណើតនៅក្នុងឱកាសជិតដាច់ឆ្នាំនេះ អតីតតារាសម្តែងជើងចាស់ សុវណ្ណ មុន្នី ក៏បានជួបជាមួយតារាក្នុងសិល្បៈខ្លះៗដែលមានដូចជាលោក សាវិន ហ្វីលីព ជាដើម។សម្រាប់ឆ្នាំនេះលោក សុវណ្ណ មុន្នី មានវ័យប្រមាណជា ៥៤ឆ្នាំ តែអ្វីដែលធ្វើឱ្យមហាជនជាអ្នកគាំទ្រស្នាដៃរបស់លោកកន្លងមកនោះចាប់អារម្មណ៍លោកនៅតែមានរូបសម្បត្តិស្រស់សង្ហា និងមានមាឌមាំមើលទៅមិនប្រែប្រួលកាលពីជាង២០ឆ្នាំមុនឡើយ។ សព្វថ្ងៃលោក សុវណ្ណ មុន្នី មានកូនប្រុសពីរនាក់។
បើតាមប្រភពបងប្អូនខ្មែរដែលជិតស្និទ្ធជាមួយលោក សុវណ្ណ មុន្នី បានឱ្យដឹងថាមូលហេតុលោកនៅតែមាំមួនសង្ហាបែបនេះដោយសារលោកចូលចិត្តកីឡាជាចំបង ។បើតាមគម្រោងលោកនឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅពាក់កណ្តាលខែមករាឆ្នាំ ២០២៣ខាងមុខនេះ។
គេចាំបានថាលោក សុវណ្ណ មុន្នី ធ្លាប់ជាអតីតតារាសម្តែងដែលមានឈ្មោះបោះសំឡេងកាលពីជាង ២០ឆ្នាំដោយលោក លេចមុខនៅក្នុងខ្សែរឿងជាច្រើននៅក្នុងតំណែងជាតួឯកជាមួយលោកស្រី អម្ពរទេវី សុខ ស្រីមុំ ចាន់ តារាទី កែវ កល្យាណ នារី រ័ត្នគន្ធា ហុក លក្ខិណា លោក ខៃ ប្រសិទ្ធ លោក ទេព រិនដារ៉ូ និង លោក សម តារា ជាដើម ៕













