
សង្គម
ពិតជាផ្អែមល្ហែមនិងកក់ក្តៅជាងរាល់លើកដោយមកសម្តែងនៅសហរដ្ឋអាមេរិកលើកនេះ តារាចម្រៀងមាឌល្អិត ចំរើន សុភ័ក្ត្រ បានបណ្តើរគូស្នេហ៍មកជាមួយដែលធ្វើឱ្យហ្វេន ហ្វេន ជាអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ។
ដោយសារសំឡេងពីរោះ ជាពិសេសច្រៀងបទសម័យដើមជាហេតុធ្វើឱ្យតារាចម្រៀងប្រចាំ ផលិតកម្មហង្សមាសរូបនេះពិតជាមានហាងឆេងខ្ពស់នៅក្នុងការចេញមកសម្តែងនៅក្រៅប្រទេស ជាពិសេសប្រទេសអាមេរិកតែម្តង ។
សម្រាប់លើកនេះក៏មិនមែនជាលើកដំបូងសម្រាប់ ចំរើន សុភ័ក្ត្រ ដែរ តែអ្វីដែលធ្វើឱ្យតារាចម្រៀងរូបនេះរីករាយនោះគឺគូដណ្តឹងរបស់នាងក៏ បានរួមដំណើរមកជាមួយដែលអាចនិយាយថាជាការមកលំហែនៅសហរដ្ឋអាមេរិកផងដែរ ។ ពោលក្រៅពីសម្តែងអ្នកទាំងពីរអាចចំណាយពេល ដើរកម្សាន្តឆ្លងឆ្នាំសាងអនុស្សាវរីយ៍ដើម្បី រឹតបន្តឹងចំណងស្នេហ៍របស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ។
ដើម្បីចែករំលែកភាពសប្បាយរីករាយនេះដល់មិត្តភក្តិ និងអ្នកគាំទ្រតារាចម្រៀង ចំរើន សុភ័ក្រ្ត ក៏បានបង្ហាញរូបភាពរបស់នាងនិងគូដណ្តឹងនៅក្នុងទឹកដីអាមេរិកដោយពួកគេបានពាក់អាវគូស្នេហ៍យ៉ាងស្រស់ស្អាតមើលហើយពិតជាមានក្តីសុខ និងកក់ក្តៅជាខ្លាំង ។
សម្រាប់មួយរយៈ ចុងក្រោយនេះ ចំរើន សុភ័ក្រ្ត ឡើងកូដគ្រាន់បើដោយក្រៅពីបានចេញមកសម្តែងនៅអាមេរិក នាងក៏ក្តោបបានតំណែងជាតួឯកនៅក្នុងទូរទស្សន៍ហង្សមាសរឿង «ជំទាវបាយកក» ដែលនាង មិនដែលនឹកស្រមៃថាខ្លួនមានឱកាសបានសម្តែងជាតួសំខាន់បែបនេះឡើយ៕











