
សិល្បៈ
បើទោះជាមមាញឹកនៅក្នុងការងារសិល្បៈក្ដី ក៏តារាចម្រៀងជំនាន់ក្រោយៗនេះ មិនរំលងការសិក្សាដែរ ជាក់ស្ដែងដូចជា ចាន់ សុបញ្ញា ម្ចាស់ពានរង្វាន់ X Factor Cambodia រដូវកាលទី១ ទទួលបានលទ្ធផលល្អ ក្នុងការសិក្សាក្រោយប្រឡងជាប់បាក់ឌុបឆ្នាំ២០២២នេះ។
នៅព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ តារាចម្រៀង ចាន់ សុបញ្ញា បានឱ្យដឹងថា ខ្លួនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ហើយ ដោយក្នុងនោះទទួលបាននិទ្ទេស Cទៀតផង ។ ការទទួលបានលទ្ធផលល្អរបស់តារាចម្រៀងរូបនេះ ទទួលបានការអបអរពីសំណាក់មិត្តភក្តិក្នុងសិល្បៈ និងហ្វេនហ្វេនជាច្រើនផងដែរ។
សុបញ្ញា បានបង្ហោះលទ្ធផលនៅលើទំព័រហ្វេបុកបស់ខ្លួន ព្រមទាំងរៀបរាប់ទៅកាន់អ្នកម្ដាយយ៉ាងដូច្នេះថា៖ «ទីបំផុត កូនប្រុសរបស់ពុកម៉ែធ្វេីបានហេីយ ម្ចាស់ជីវិតកូន #លេខរៀង៨០»។ ហើយសម្រាប់មុខវិជ្ជាដែលពេជ្រថៃទទួលបានគឺ ភាសាខ្មែរ និទ្ទេស C គណិតវិទ្យា និទ្ទេស B ផែនដី និទ្ទេស F ភូមិវិទ្យា និទ្ទេស D ប្រវត្តិ និទ្ទេស C សីលធម៌ និទ្ទេស D ភាសា និទ្ទេស F។
ក្នុងនោះក៏មានការសរសើរដល់ សុបញ្ញា ផងដែរថា ទោះមានមមាញឹកនៅក្នុងការងារសិល្បៈ ដែលស្ទើរតែរកពេលសម្រាកមិនបានហើយ នៅទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងទៀត ពិតជាមានសមត្ថភាពណាស់។ យ៉ាងណាមិនទាន់មានការបញ្ជាក់ថា ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ សុបញ្ញានឹងជ្រើសរើសចូលរៀនបន្តនៅមហាវិទ្យាល័យណាបន្តឡើយ ៕







