
សិល្បៈ
ដូចជាការសន្យាមែន ពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំពិធីស្វាគមន៍នឹងចុះកិច្ចសន្យាជាផ្លូវការហើយ នៅល្ងាចថ្ងៃទី ១៣ ម្សិលមិញនេះនៅភោជនីយដ្ឋានទន្លេបាសាក់ពីរ។
មិនខុសពីតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្មានឡើយក្នុងនាមជាតារាចម្រៀងលំដាប់ជួរមុខ ខេមរៈ សិរីមន្ត ក៏ទទួលបានការរៀបចំពិធីទទួលជាតារាចម្រៀងពេញសិទ្ធិនៅក្នុងផលិតកម្មហ្គាឡាក់ ស៊ីដោយមានការចូលរួមអបអរសាទរពីសំណាក់អ្នកសិល្បៈ និងបណ្តាញសារព័ត៌មានយ៉ាងអធិកអធម ។
ជាមួយវត្តមានរបស់តារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើឲ្យឧកញ៉ា ហេង ឡុង ដែលត្រូវជាដៃគូជំនួញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកពាក្យជូនពរ មិនត្រឹមតែប៉ុណ្ណោះទេ តារាចម្រៀងពន្លកថ្មីក្នុងផលិតកម្មនេះ ក៏ជាអាយដលរបស់លោកផងដែរ ។ ឧកញ៉ា ហេង ឡុង បានលើកឡើងយ៉ាងខ្លីថា : «ជូនពរអាយដល កាន់តែល្បី និងជោគជ័យ»
មិនមែនលំៗ ទេមានការព្រលយថា ខេមរៈ សិរីមន្ត បានសំងំថតបទចម្រៀងឱ្យទ្រនំថ្មីបានជាច្រើនបទ ជាក់ស្ដែងគ្រាន់តែចូលភ្លាម ខាងផលិតកម្មក៏បានបញ្ចេញបទចម្រៀងមួយបទដែលមានចំណងជើងថា: «ពេលខ្លះវាអេមដែរ» ចង់ដឹងថាតើបទចម្រៀងថ្មីៗរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ប្លែក និងទាក់ទាញបែបណា ខណៈមួយរយៈចុងក្រោយនេះប្រជាប្រិយភាពរបស់តារាចម្រៀង រូបនេះហាក់ស្ងប់ស្ងាត់ក្រោយលោកឧកញ៉ាងាកទៅពង្រឹងការងារអចលទ្រព្យ ។
ទាក់ទងទៅនឹងការចូលផលិតកម្មនេះ មិនទាន់មានការបញ្ជាក់ពីតម្លៃខ្លួនរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅឡើយ៕







