
សិល្បៈ
ធ្មេចបើកៗតារាចម្រៀង សុវត្ថិឌី ធារីកា បានបញ្ចប់ការសម្តែងនៅប្រទេស អូស្ត្រាលីនឹងបានធ្វើដំណើរត្រលប់ស្រុកខ្មែរវិញនៅក្នុងថ្ងៃនេះផងដែរ ។ អ្វីដែល គួរឱ្យកត់សម្គាល់ដោយសារទទួលបានការអាណិតស្រឡាញ់ពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទសអូស្ត្រាលីច្រើនទើបធ្វើឱ្យនាងតូចរូបនេះហាក់មិនដាច់អាល័យពីពុកម៉ែបងប្អូនខ្មែរដែលរស់នៅទីនោះ។
ដ្បិតជាការចេញទៅសម្តែងនៅបរទេសជាលើកទីមួយក៏ពិតមែន តែតារាចម្រៀ ងប្រចាំផលិតកម្មថោនរូបនេះទទួលបានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនដែលរស់នៅអូស្រ្តាលីដែលកាន់តែធ្វើឱ្យ សុវត្ថិឌី ធារីកា មានការកក់ក្តៅជាខ្លាំង ។
រយៈពេលមួយខែនៅប្រទេសនេះ តារាចម្រៀងរូបរាងតូចច្រឡឺង សុវត្ថិឌី ធារីកា បានចេញសម្តែងរហូតដល់បួនរដ្ឋឯណោះហើយការគាំទ្រក៏មានសន្ទុះមិនធម្មតាដែលធ្វើឱ្យតារាចម្រៀង សុវត្ថិឌី ធារីកា មានការរំភើបជាខ្លាំងហើយរំពឹងថា នាងនឹងមានឱកាសមកសម្តែងនៅពេលក្រោយៗទៀត។
ការចាកចេញមកសម្តែងនៅបរទេសរបស់ សុវត្ថិឌី ធារីកា ទាំងវ័យក្មេងជាពិ សេសក្រោយឱពុកម្តាយទទួលមរណភាពនោះបានធ្វើឱ្យមហាជនមានការគាំទ្រ លាន់មាត់សរសើរពីភាពរឹងមាំរបស់នាងដែលជាបង្គោលដ៏សំខាន់នៅក្នុងគ្រួសារក្រោយពីក្លាយជាក្មេងកំព្រា។ ក្នុងនោះក៏មានការជូនពរឱ្យ សុវត្ថិឌី ធារីកា មានការប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះបោះសំឡេងថែមមួយកម្រិតទៀត៕











