
សង្គម
វត្តកែវមាន ទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ ក្នុងភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងបាត់ដំបង ដោយឆ្លងតាមស្ពានថ្មថ្មី រួចជិះតាមផ្លូវមាត់ស្ទឹងត្រើយខាងកើតរហូតទៅដល់វត្តកែវ ដែលមានចម្ងាយប្រមាណ ៦.៩៧ គ.ម ដោយគិតចាប់ពីសាលាខេត្តបាត់ដំបង។
វត្តនេះត្រូវបានកសាងឡើងនៅឆ្នាំ១៧៧២ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ ទើបគេអោយឈ្មោះថា វត្តកោះកែវ ឫវត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងវត្តដទៃទៀត ក៍បានប្តូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ ។
គិតមកដល់បច្ចុប្បន្ន វត្តកែវ មានអាយុកាល ២៥១ឆ្នាំហេីយ ទោះជាផ្នែកខ្លះមានសភាពចាស់ទ្រុឌទ្រោម ប៉ុន្តែចម្លាក់ និងក្បូរក្បាច់នៃសំណង់នៅតែមានសម្រស់ស្រស់ស្អាតដដែល នៅតាមហោជាងទ្វារបង្អួចមាន ក្បាច់បណ្ដែត ក្បាច់លោត ក្បាច់លិប ក្បាច់ផ្កាភ្ញីជាច្រើនទៀត ធ្វើអំពីដីបាយអរដោយប្រើល្បាយជ័រឈើ បាយដំណើប ទឹកឃ្មុំ កំបោរ ខ្សាច់ ក្រដាស់ប៉ុយ។
នៅក្នុងព្រះវិហារមានព្រះពុទ្ឋរូបមួយអង្គធំ ដែលអ្នកស្រុកមានជំនឿថា មានបារមីពូកែស័ក្តិសិទ្ធ។ ជាទូទៅព្រះវិហារ នៃអារាមព្រះពុទ្ធសាសនារបស់ប្រទេសយើង សង់បណ្តោយថ្ងៃ ដើម្បីឱ្យព្រះពុទ្ធបដិមាក្នុងព្រះវិហារ បែរព្រះភ័ក្រ្តទៅទិសខាងកើត។ ប៉ុន្តែជាក់ស្ដែងមានព្រះវិហារមួយចំនួន បានស្ថាបនាឡើង បែរទៅរកទិសណាមួយមិនប្រាកដ ដោយផ្អែកទៅលើទីតាំងភូមិសាស្ត្រជាក់ស្តែង ឬទៅតាមការយល់ឃើញរបស់អ្នកផ្តួចផ្តើមគំនិតក្នុងការសាងសង់តែម្តង ដូចករណីព្រះវិហារវត្តកែវនេះ គឺជាឧទាហរណ៍ស្រាប់ មិនបែរមុខទៅទិសខាងកើតទេ។
លោកអាចារ្យម្នាក់នៅក្នុងវត្តកែវនេះ បានបញ្ជាក់ថា មូលហេតុនៃការសង់ព្រះវិហារ គឺអាស្រ័យទៅនឹងភូមិសាស្ត្រជាក់ស្តែង។ ជាពិសេស បើសង់នៅមាត់ស្ទឹងអញ្ចឹង គឺព្រះវិហារច្បាស់ជាសង់បែរទៅរកស្ទឹង ទៅរកទឹក ដែលក្នុងជំនឿ នឹងផ្តល់នូវភាពត្រជាក់ត្រជុំដល់អ្នកស្រុក រស់នៅសុខសាន្ត៕
រូបភាព Sunrise Love











