header ads

Sponsor

ហេតុការណ៍ភ្ញាក់ផ្អើលមួយនៅជិតកំពង់ដកោះនរា មានមនុស្សមួយក្រុមស្លៀកពាក់ជាស៊ីវិល បានជិះរថយន្តមួយគ្រឿង និងម៉ូតូជាច្រើនគ្រឿងចុះទៅចាប់ប្រជាពលរដ្ឋប្រុងដាក់ចូលទៅក្នុងរថយន្តរបស់ខ្លួន ដោយមិនបានបញ្ជាក់អំពីមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋជុំវិញនោះ បាននាំគ្នាស្រែកឆោឡោងឡើងតែម្ដង។

ដោយឃើញសភាពការណ៍មិនស្រួល មនុស្សមួយក្រុមនោះបាននាំគ្នាជិះរថយន្តចេញពីកន្លែងកើតហេតុភ្លាមៗតែម្ដង ខណៈមនុស្សដែលត្រូវចុះមកចាប់នោះ ក៏មិនត្រូវបានចាប់នោះដែរ ហើយចំពោះមនុស្សមួយក្រុមនោះក៏មិនបានបង្ហាញអត្តសញ្ញាណ ថាមកពីណា មានតួនាទីជាអ្វីនោះដែរ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅកែងកំពង់ដកោះនរា ស្ថិតភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។ 

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មិន បូរ៉ា ភេទ ប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ ស្រី មករា ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះបានរៀបរាប់ថា “ពួកខ្ញុំចេញពីផ្ទះទៅទិញពាក្យប្រឡង The Boy ឲ្យបងខ្ញុំ។ ហើយពួកខ្ញុំអត់ដឹងរឿងអីទេ ខ្ញុំចេញពីផ្ទះទៅដល់ផ្លូវកែងនឹងស្រាប់តែពួកហ្នឹងចុះពីលើឡាន លើម៉ូតូ មកចាប់ខ្ញុំហើយ ដកសោរម៉ូតូ ប្រតាយប្រតប់ហើយយកកាំភ្លើងមកភ្ជង់ខ្ញុំ ហើយចាប់បងខ្ញុំអូសបញ្ចូនឡាន តែបងប្អូនខ្ញុំ និងប្រជាពលរដ្ឋស្រែកឆោឡោទៅក៏ចាប់មិនបាន។ ខ្ញុំអត់ដឹងថាណាទេ ព្រោះអីស្លៀកពាក់ស៊ីវិល ខ្ញុំថតបានទាំងផ្លាកលេខឡាន និងម៉ូតូ។ ឡានម៉ាកស៊ីណាពណ៌ស ភ្នំពេញ 2S-2316” ។

ជនរងគ្រោះបានបន្តថា ពួកគាត់នឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលនរោធ ទាក់ទងនឹងរឿងនេះ ហើយជនរងគ្រោះសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយអន្តរាគមន៍ និងរកយុត្តិធម៌ឲ្យពួកខ្លួនផង។

ជុំវិញនឹងរឿងនេះដែរ បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កំពុងឲ្យសមត្ថកិច្ចស្រាវជ្រាវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post