header ads

Sponsor

ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកថវិកាសរុបចំនួន ២០ម៉ឺន ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដើម្បីចូលរួមចំណែកជួយសម្រួលដោះស្រាយដល់ជីវភាពនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ តាមរយៈ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីតាំងអគារ​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​​ប្រជាជន​កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

កាយវិការនៃការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក របស់ក្រុមហ៊ុន ប៉េង ហួត​ គ្រុប នេះគឺត្រូវបានមហាជនមានការកោតសរសើរពីគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំដែលតែងតែចូលរួមដោះស្រាយនូវរាលការលំបាកជាមួយរាជរដ្ឋាភិបាល រាល់ពេលមានទុក្ខលំបាកកន្លងមក ចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ ខណៈក្រុមហ៊ុន ប៉េង ហួត​ គ្រុប ប្រកាន់ភ្ជាប់ការចែករំលែកគឺជាគំរូដ៏ល្អនៃវប្បធម៌សាមគ្គីគ្នាជាធ្លុងមួយជួយគ្នាក្នុងគ្រាលំបាក។​

គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨នេះ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។ រីឯ «១២៥» គឺជាឈ្មោះអង្គភាពដំបូងនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ដែលមានគោលដៅឆ្ពោះទៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្រ្គោះអាយុជីវិតប្រជាជន។ 

សូមបញ្ជាក់ផងដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានកំណត់អាទិភាពការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺ៖ ការងារ «បរិស្ថាន អប់រំ និង សង្គម។» កន្លងមកតាមរយៈការងារសង្គម ដែលក្រុមហ៊ុនបានធ្វើរួមមាន៖ ការឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធ ការកសាងព្រះវិហារនិងវត្តអារាម ការសាងសង់ផ្ទះជូនអតីតយុទ្ធជននិងយោធិនពិការ ការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ព្រមទាំងរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ល៕​  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post