នៅរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចេញសេចក្តីស្រាយបំភ្លឺ និងសកម្មភាពក្រុមការងារមន្ទីររៀបចំសម្ភារដេីម្បីត្រៀមកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីកម្មវិធី"សង្រ្កាន្តវត្តភ្នំ"។
យោងតាមសេចក្ដីស្រាយបំភ្លឺ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាជ្រាបថា ករណីពិធីសែនព្រេនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ គឺជាពិធីសែនឧបករណ៍ សម្ភារ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធី «សង្រ្កាន្តវត្តភ្នំ» ឆ្នាំ២០២៣។
ដោយឡែកកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអរគុណចំពោះ ការចាប់អារម្មណ៍ជុំវិញករណីនេះ។