
សង្គម
ពិតជាឆ្នាំង៉ូវហេងសម្រាប់តារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ ដែលត្រៀមចាកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីនាំយកក្បាច់គុនល្បុក្កតោ សម្តែងជូនបងប្អូនខ្មែរដែលរស់នៅប្រទេសជឿនលឿនមួយនេះ ។
ដោយសារជាលើកដំបូងក្នុងការចេញទៅសម្តែង ជាពិសេសការនាំយកក្បាច់គុនល្បុក្កតោ សម្តែងនៅបរទេសបែបនេះបានធ្វើឱ្យតារាសម្តែងដែលមានជំនាញគុនល្បុក្កតោរូបនេះមានអារម្មណ៍រីករាយជាខ្លាំងព្រោះអាចឱ្យពិភពលោកបានស្គាល់ក្បាច់គុនខ្មែរឱ្យកាន់តែទូលំទូលាយ ។ មិនត្រឹមតែត្រៀមខ្លួននាំក្បាច់គុនល្បុក្កតោសម្តែងជូនបងប្អូនខ្មែរដែលរស់នៅ សហរដ្ឋអាមេរិកទេ ស្រីស្អាត ពេជ្រ ចរណៃ បានព្រលយថានាងក៏មានជំនាញរាំរបាំបុរាណ ផងដែរ។ បើតាមគម្រោង ពេជ្រ ចរណៃ នឹងចេញសម្តែងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។
ដោយសារមានការស្នើរសុំពីសំណាក់ពុកម៉ែបងប្អូនខ្មែររស់នៅអាមេរិកទើបលោក ស៊ុប សក្ខរា អ្នករៀបចំព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២២ បានរៀបចំឱ្យរូបនាងមានឱកាស ចេញទៅសម្តែង តែម្តង។ ពេជ្រ ចរណៃ នឹងត្រឡប់មកស្រុកខ្មែរវិញនៅចុងខែ ឧសភាខាងមុខនេះ ប៉ុន្តែមិនទាន់មានការបង្ហើបថា តារាស្រីរូបនេះចេញទៅប៉ុន្មាននាក់ឡើយ ។
ពេជ្រ ចរណៃ ជាតារាស្រីដែលមានទាំងសមត្ថភាព និងសម្រស់ ជាពិសេសនាងក៏មានជំនាញគុនល្បុក្កតោខ្មែរផងដែរ ។ មួយរយៈចុងក្រោយនេះ ពេជ្រ ចរណៃ បានបញ្ជាក់ថានាងមានការងារច្រើនមិនថាការសម្តែងរឿង សម្តែងគុនល្បុក្កតោរហូតពេលខ្លះដល់ថ្នាក់ធ្វើការហួសកម្លាំងថែមទៀត ៕