សិល្បៈ
តាគល់ក្រោយពីចូលប្រឡូកក្នុងសិល្បៈអស់រយៈពេលជាង៦ឆ្នាំពេលនេះតារាចម្រៀង នាង គន្ធា មានឱកាសបានចេញទៅសម្តែងនៅប្រទេសបារាំងជាលើកដំបូងនៅក្នុងដើមខែមេសានេះ ។ ការចេញទៅសម្តែងជាលើកដំបូងរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈបង្ហាញការសាទរនិងជូនពរឱ្យនាងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់គ្នា។
នាង គន្ធា នឹងចេញដំណើរទៅសម្តែងនៅប្រទេសបារាំងជាមួយតារាចម្រៀងរៀមច្បង មួយចំនួននៅក្នុងថ្ងៃទី ០៤នេះ តែមិនមែនជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេនោះទេ ។ បើតាមគម្រោងម្ចាស់បទ«បេះដូងចេះស្រវឹង»រូបនេះនឹងត្រូវចេញទៅសម្តែងនៅប្រទេសបារាំង រយៈពេលពីរខែ។ តារាចម្រៀង នាង គន្ធា បានបង្ហាញអារម្មណ៍រីករាយដែលបានចេញទៅ សម្តែងនៅប្រទេសប៉ែកអឺរ៉ុបបែបនេះជាលើកដំបូង ។ ប៉ុន្តែយ៉ាងណានាងមិនទាន់ប្រាកដពីការ គាំទ្របងប្អូនខ្មែរដែលរស់នៅទីនោះមកលើរូបនាងឡើយ ។
ដ្បិតចេញទៅសម្តែងនៅប្រទេសបារាំងក៏ពិតមែន តែ នាង គន្ធា ក៏មានបទចម្រៀងថ្មីៗ សម្រាប់ស្វាគមន៍អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ។ អ្វីដែលគួរឱ្យ ចាប់អារម្មណ៍ខណៈចេញទៅសម្តែងនៅប្រទេសបារាំងរយៈពេលពីរខែនេះ នាង គន្ធា ក៏បានបង្ហាញនូវក្តីនឹករឮកដល់ក្រុមគ្រួសារអ្នកគាំទ្រ ជាពិសេសមនុស្សជាទីស្រឡាញ់គឺតារា ចម្រៀងវ័យក្មេង ម៉ាម៉ា ដែលពួកគេទើបធ្វើពិធីខួបពីរឆ្នាំនៃក្តីស្រឡាញ់កាលពីពេលថ្មីៗនេះ ៕