ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) នារាត្រីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋ ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និង ការសម្ដែងដ៏អស្ចារ្យរបស់ សិល្បករ សិល្បការិនី ដែលបានបង្ហាញទៅពិភពលោកអោយកាន់តែស្គាល់ច្បាស់ នូវប្រវត្តិដ៏រុងរឿងផូរផង់ របស់បុព្វបុរសដូនតាខ្មែរ នាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលរបស់កម្ពុជា។
យ៉ាងណាបន្ទាប់ពីមើលឃើញនូវកំហុសឆ្គងដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារផលិតកម្មថោន បានធ្វើការសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) លើការកាន់ទង់ជាតិបញ្ច្រាស់។
ផលិតកម្មថោនបានធ្វើលិខិតសុំទោសជាសាធារណៈ ដោយក្នុងលិខិតនោះមានខ្លឹមសារថា៖
សូមគោរពជូន
ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា)
ផលិតកម្មទីក្រុងភាពយន្ត សុំធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារបានធ្វេសប្រហេសកាន់ទង់ជាតិបញ្ជ្រាស់ក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣ ។
ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថាក្រុមការងារបានកាន់ទង់ជាតិនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា (ភូមា) បញ្ជ្រាស់ដោយអចេតនា ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។
ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំក្តីអនុគ្រោះបំផុតពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ជាថ្មីម្តងទៀត ផលិតកម្មទីក្រុងភាពយន្ត ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច នឹងធ្វើលិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តាស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត៕