ទោះមានវ័យក្បែរ ៤០ឆ្នាំទៅហើយក្តី តែសម្រស់របស់តារាចម្រៀង ពេជ្រ សោភា នៅតែស្រស់ស្អាតនឹងរក្សាបានសម្រស់ធម្មជាតិថែមទៀតផង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រៅពីតារាចម្រៀង ពេជ្រ សោភា ក៏នៅតែមានហាងឆេងក្នុងការថតផ្សាយពាណិជ្ជកម្មផលិតផលធំៗនានាមិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។ ប៉ុន្តែថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា បានបង្ហាញអារម្មណ៍ខឹងសម្បារក្រោយត្រូវអ្នកលេងបណ្តាញសង្គមម្នាក់និយាយថានាងមានមុខចាស់ខណៈអាយុមិនទាន់ ៤០ឆ្នាំផង។
ថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា បានបញ្ជាក់ថានាងអាចរក្សាសម្រស់ធម្មជាតិបានទាំងអស់បើទោះអាយុក្បែរ ៤០ឆ្នាំទៅហើយ ។ ការលើកឡើងរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យ ហ្វេន ហ្វេន ជាច្រើនសរសើរពីភាពស្រស់ស្អាតរបស់នាងដែលនៅតែក្មេងបើទោះអាយុកាន់តែកើនទៅហើយក្តី ។
ប៉ុន្តែទន្ទឹមនឹងពាក្យពេចន៍សរសើរទាំងនេះក៏មានការខមិនពីសំណាក់អ្នកលេងបណ្តាញសង្គមមួយថា«អត់ទាន់ ៤០ឡើងចាស់»។ ហាក់ទ្រាំនឹងពាក្យរិះគន់នេះមិនបានតារាចម្រៀងប្រចាំផលិតកម្មយក្សរូបនេះបានតបវិញភ្លាមៗថា«ហើយមិចចឹង ខ្ញុំខឹងណាស់ កាន់តែខឹងទៀតអូនឯងមិនយកពេលថែមុខមាត់ទេចាស់ពិតៗ បងវាចាស់សមនឹងអាយុចឹងអូនឯងមិនថែខ្លួនចឹងមិចក៏ទុកមុខអោយដូចគោយំចឹងខ្ញុំចូលចិត្តប្រើពាក្យមួយគឺ ខ្ញុំស្អាតរបៀបខ្ញុំ គេស្អាតរបៀបគេរូបរាងគេគឺគេស្រលាញ់ ណាមួយជារឿងគេ កុំប៉ះពាល់គេ»។
ជាមួយសម្តីយ៉ាងចាក់ដោតរបស់ ពេជ្រ សោភា ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការលើកទឹកចិត្តដោយប្រាប់នាងថា«កុំទៅខ្វល់សម្តីឥតប្រយោន៍បែបនេះអ្វីចែ»ហើយខ្លះទៀតក៏បានសរសើរពី ភាពស្រស់ស្អាតបែបធម្មជាតិរបស់តារាចម្រៀង ពេជ្រ សោភា ដែលនៅតែក្មេង និងចាំស្អាតមិនប្រែប្រួលពីប៉ុន្មានឆ្នាំមុនឡើយ៕