ក្រោយរៀបការរយៈពេលត្រឹមតែជាងពីរឆ្នាំប៉ុណ្ណាះពេលនេះអតីតកុមារាជាម្ចាស់ពាននៅក្នុងកម្មវិធី Cambodia Got Talent រដូវកាលទី១ កាលពីឆ្នាំ ២០១៥ យឿន ពិសី បានក្លាយជាឪពុករបស់កូនដល់ទៅពីររូបដែលកូនទីពីរជាកូនស្រីទើបសម្រាលដោយសុវត្ថិភាពនៅក្នុងថ្ងៃទី ២៨ ព្រឹកមិញនេះតែម្តង ។
ក្រោយបានឃើញមុខកូនស្រីជាទីស្រឡាញ់មានសុខភាពល្អ និងមានសុវត្ថិភាពបែបនេះតារាចម្រៀង យឿន ពិសី បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងដោយបានរៀបរាប់សំណេរនៅក្នុងហ្វេសប៊ុកថា«ប៉ានិងម៉ាក់សូមស្វាគមន៍វត្តមានរបស់កូនមកកាន់ពិភពលោកមួយនេះកូនស្រីពៅរបស់ខ្ញុំបាទមានឈ្មោះ ពិសី ពេជ្រនារី កើតនៅថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2023 ម៉ោង 9: 21 នាទីព្រឹក»។ជាមួយនឹងការទទួលនូវសមាជិកថ្មីដែលមានមុខមាត់គួរឱ្យស្រឡាញ់របស់ យឿន ពិសី ក៏ទទួលបានការចូលរួមត្រេកអរ និងជូនពរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ ។
ត្រឹមវ័យទើបតែ ២៣ឆ្នាំ ប៉ុណ្ណាះ តែពេលនេះ យឿន ពិសី ក៏បានក្លាយជាឪពុករបស់កូនប្រុសស្រីចំនួនពីរនាក់ទៅហើយ ។ លោកធ្លាប់បញ្ជាក់ថា មូលហេតុលោក និងភរិយាស្រូតយកកូនជាបន្តបន្ទាប់បែបនេះដោយសារទុកពេលវេលាដើម្បីរកស៊ីឱ្យបានច្រើន ។
គេចាំបានថា យឿន ពិសី ធ្លាប់ជាអតីតម្ចាស់ពាននៅក្នុងកម្មវិធី Cambodia Got Talent រដូវកាលទី១ តែយ៉ាងណាពេលនេះលោកមិនបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មណាឡើយ ពោលលោកធ្វើជាតារាចម្រៀងឯករាជ្យ ។ រយៈពេលជាច្រើនឆ្នាំក្នុងសិល្បៈ យឿន ពិសី ជោគជ័យគ្រាន់បើដោយពេលនេះលោកអាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួននឹងកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយាផងដែរ ៕