ភ្នំពេញ៖ នៅពេលថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងមានការជជែកវែកញែកយ៉ាងខ្លាំងទៅលើរថយន្តស៊ែរីទំនើបពីរគ្រឿង ដែលពាក់ផ្លាកលេខ នគរបាល 2-2899 ដូចគ្នា នៅទីតាំង២ផ្សេងគ្នា តែយ៉ាងណាយើងមិនដឹងថារូបថតនោះ ថតនៅថ្ងៃ ខែ ណានោះទេ ដែលត្រូវបានចែកចាយពេញលើបណ្ដាញសង្គមបែបនេះ។
ជុំវិញទៅនឹងរឿងនេះដែរ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការលើរថយន្តពាក់ផ្លាកលេខ នគរបាល 2-2899 ដែលយកទៅបំពាក់លើរថយន្តទំនើបចំនួន ២គ្រឿង គឺរថយន្ត Ford RANGER ពណ៌ទឹកប៊ិច និងរថយន្ត EVEREST ពណ៌ស។
ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា “ខុសច្បាប់ហើយ ខ្ញុំបានបញ្ជូនទៅសមត្ថកិច្ចចាត់ការហើយ” ។នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ប្រាប់សារព័ត៌មាន រស្មីកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣៕